មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានប្រាប់នាយទាហាន និងពលទាហានទាំងអស់ ត្រូវពង្រឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងកិច្ចការងារការពារជាតិ នៅតាមបណ្តាយខ្សែបន្ទាត់ព្រំដែន និងបង្កើនការរក្សាអនាម័យអោយបានល្អ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩
ខេត្តព្រះវិហារ៖ ប្រសាសន៍ណែនាំដល់នាយទាហាន និងពលទាហានរបស់ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានធ្វើនៅព្រឹកថ្ងៃទី២៥ឧសភានេះ នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារយោធា ប្រចាំឆមាសទី១ ឆ្នាំ២០២០ « ២៥ធ្នូ២០១៩-២៥ឧសភា២០២០» និងការដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តន៍បន្តនៅក្នុងឆមាសទី២ ឆ្នាំ២០២០។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមការបង្ហាញវត្តមាន ពីមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង និងមានការចូលរួមពីអង្គភាពវរៈសេនាតូចទាំង៤ ដែលជាអង្គភាពចំណុះ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ចំណុះអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានមានប្រសាសន៍ថា ដោយអនុវត្តន៍ទៅតាមគោលការណ៍ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ អង្គភាពកងពលតូចលេខ៧ បានធ្វើបច្ចុប្បន្នភាពការងារ បានបើកកិច្ចប្រជុំប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តនៅឆមាសទី២ ឆ្នាំ២០២០ ដើម្បីពិនិត្យមើលពីភាពខ្វះចន្លោះ ក្នុងការអនុវត្តកិច្ចការងារ ទៅតាមតួនាទី និងភារកិច្ច ដោយស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់អង្គភាពនីមួយៗ យកមកធ្វើការផ្លាស់ប្តូរបទពិសោធន៍ រវាងអង្គភាពកងពលតូចលេខ៧ និងអង្គភាពវរសេនាតូចទាំង៤ សម្រាប់អនុវត្តន៍ការងារបន្ត ប្រកបដោយភាពជោគជ័យ និងរីកចម្រើន។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានបន្តទៀតថា បើទោះបីជាសភាពការណ៍ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានលក្ខណៈស្ងប់ស្ងាត់ និងមានកិច្ចទំនាក់ទំនង រវាងកងទ័ពប្រទេសជាមិត្ត បានយ៉ាងល្អប្រសើរយ៉ាងណាក៏ដោយ ក្នុងនាមជាកងទ័ព ដែលមានតួនាទី និងភារកិច្ចការពារបូរណភាពទឹកដី ត្រូវតែបង្កើនការពង្រឹងស្មារតីអោយបានរឹងមាំ និងបង្កើនការប្រុងប្រយ័ត្នអោយបានខ្ជាប់ខ្ជួន ក្នុងកិច្ចការងារ ការពារជាតិ ត្រូវពិនិត្យសម្អាតលេណដ្ឋាន ដុះខាត់អាវុធយុទ្ធភ័ណ្ឌ និងការទុកដាក់គ្រប់គ្រងស្បៀងអាហារកងទ័ព ប្រកដោយការទទួលខុសត្រូវខ្ពស់ជានិច្ច។
លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានវាយតម្លៃខ្ពស់ចំពោះ ការគោរពបទបញ្ជាថ្នាក់លើ គោរព និងអនុវត្តន៍ បទបញ្ជាផ្ទៃក្នុងនៅក្នុងជួរកងទ័ព គោរពវិន័យ មានក្រមសីលធម៌ល្អ ការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍអង្គភាពរបស់ខ្លួន បានយ៉ាងល្អប្រសើរ។ លោកឧត្តសេនីយ៍ បានជម្រុញនាយទាហាន និងពលទាហានទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច បានកាន់តែល្អប្រសើរ ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានក្រើនរំលឹកដល់កងទ័ព និងគ្រួសារកងទ័ពទាំងអស់ ដែលកំពុងឈរជើង និងរស់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ដែលស្ថិតនៅក្នុងភូមិសាស្ត្រការពារ និងគ្រប់គ្រងរបស់ខ្លួន ត្រូវខិតខំថែទាំងសុខភាពអោយបានល្អ តាមរយះការរស់នៅស្អាត បរិភោគទឹក និងចំណីអាហារ ត្រូវអោយឆ្អិនល្អជានិច្ច ហើយកុំភ្លេចអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ទឹកជែល និងពាក់ម៉ាសអោយបានញឹកញាប់ និងជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការវិលត្រឡប់ជាលើកទី២ នៃមេរោគកូវីដ១៩ ដ៏កាចសាហាវនេះ ៕ ដោយ៖ ឡុង សំបូរ