កិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារជំនាញព្រហ្មទណ្ឌ និងការងារជំនាញគ្រឿងញៀនតាមអនុសាសន៍របស់អគ្គស្នងការនគរបាលជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលប្រជុំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ មានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារជំនាញព្រហ្មទណ្ឌ និងការងារជំនាញគ្រឿងញៀន តាមអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ។
ពិធីនេះមានការចូលរួមពី អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន, ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត, ស្នងការរងរាជធានី-ខេត្តទទួលផែនព្រហ្មទណ្ឌ និងផែនប្រឆាំងបទល្មើសគ្រឿងញៀន។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ បានជំរុញឲ្យនគរបាលគ្រប់រាជធានី-ខេត្ តយកចិត្តទុកដាក់ពិនិត្យមុខសញ្ញាដែលត្រូវបានដោះលែងចេញពីពន្ធនាគារ ការងារគ្រប់គ្រងដីកា និងការងារគ្រប់គ្រងក្មេងទំនើងក្នុងមូលដ្ឋានសម្រាប់ត្រៀមធ្វើផែនការសកម្មភាពប្រចាំឆ្នាំ២០២០ តាមខេត្តសាមីរៀងៗខ្លួន ដើម្បីបញ្ជូនមកអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា មានប្រសាសន៍ថា មន្ត្រីនគរបាលនៅតាមខេត្ត-រាជធានី ត្រូវម្ចាស់ការខ្លួនឯងត្រួតពិនិត្យឡើងវិញនូវឯកសារដែលសេសសល់ពាក់ព័ន្ធ និងសំណុំរឿងបទល្មើសឧក្រិដ្ឋ ដីកាដោះលែងមុខសញ្ញាផ្សេងៗ ដើម្បីធ្វើការបន្តទៀត។ ឯកឧត្តម បន្តថា ពាក់ព័ន្ធនិងបទល្មើសផ្សេងៗបទល្មើសគ្រឿងញៀន ចាប់ជំរិត ប្លន់ ចាប់រំលោភនៅតាមរាជធានី-ខេត្ត ដែលមានបន្សល់ទុកនៅសំណុំឯកសារចាស់រីឯមុខសញ្ញាមួយចំនួនត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ដូច្នេះសូមឲ្យធ្វើការពិនិត្យសំណុំរឿងជារួមមាននៅតាមខេត្តនីមួយៗធ្វើការឡើងវិញ ដើម្បីរៀបចំជាផែនការ និងសកម្មភាពឆ្នាំ២០២០ តាមរាជធានី-ខេត្ត។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានវាយតម្លៃខ្ពស់ និងគាំទ្រនូវប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា និងបានណែនាំឲ្យមន្រ្តីនគរបាលគ្រប់រាជធានី-ខេត្តត្រូវខិតខំបន្តកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់បទល្មើសនានានៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធខ្ពស់បន្ថែមទៀត ជាពិសេសគោរពវិន័យកងកម្លាំងឲ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានលើកសរសើរ និងក្រើនរំលឹកឲ្យមន្រ្តីអនុវត្តន៍ច្បាប់ទាំងអស់ត្រូវពង្រឹងសមត្ថភាព ជំនាញ វិជ្ជាជីវៈបន្ថែមទៀត ខណៈដែលក្រសួងយុត្តិធម៌ បានបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមបណ្តារាជធានី-ខេត្ត។ របាយការណ៍សង្ខេបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការណរប្រចាំត្រីមាសទី១ឆ្នាំ២០២០ ដែលចែកជូនក្នុងអង្គប្រជុំបានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌរួមកើតឡើងចំនួន ៧៨៨លើ៧២៦ករ ណីកើនឡើង៦២លើក ស្មើនិង៨.៥៣% ក្នុងនោះបទល្មើសឧក្រិដ្ឋមាន១៦០ករណី បទល្មើសមជ្ឃឹម៦២៨ករណី សមត្ថកិច្ចបង្ក្រាបបាន៦៨៧ករណី ស្មើនឹង៨៧.១៨% ឃាត់ខ្លួនជនសង្ស័យ១០៣០នាក់។
របាយការណ៍ដដែលបានឲ្យដឹងថា ពាក់ព័ន្ធការប្រឆាំងបទល្មើសគ្រឿងញៀនសមត្ថកិច្ចធ្វើការបង្ក្រាបជារួមបានចំនួន១៩៥៩ លើ១៥២៨ករណី កើនឡើង៤៣១ករណី ស្មើនឹង២៨.២០% ឃាត់ខ្លួន៣៨៩៥នាក់ ស្ត្រី២៦៥នាក់ ក្នុងនោះជនជាតិខ្មែរ៣៨៣៧នាក់ វៀតណាម៥០នាក់ ចិន០៣នាក់ ថៃ០១នាក់ ឡាវ០២នាក់ នីហ្សេរីយ៉ា០១នាក់ ជប៉ុន០១នាក់ និងដកហូតសាធាតុញៀនសរុបទម្ងន់១៧៤គីឡូក្រាម៨៣៨.០៨ក្រាម៕