ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ជួបសំណេះសំណាលជាមួយប្រតិបត្តិករអនុវត្តន៍តាមគោលនយោបាយ ឈ្នះ ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅសមរភូមិខេត្តប៉ៃលិន
ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រតិបត្តិករអនុវត្តន៍តាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅសមរភូមិខេត្តប៉ៃលិន។
ដោយពិធីនេះរៀបចំនៅសាលប្រជុំរោងកុនចាស់ខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត និងបងប្អូនអតីតកងកម្លាំងដែលជាប្រតិបត្តិករចូលរួមអនុវត្តន៍តាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសមរភូមិខេត្តប៉ៃលិន សរុបប្រមាណជាង ២០០នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនអតីតកងកម្លាំងដែលជាប្រតិបត្តិករ ចូលរួមអនុវត្តន៍តាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅសមរភូមិខេត្តប៉ៃលិនទាំងអស់ដែលមានវត្តន៍មាននាពេលនេះ។
ឯកឧត្តមបានប្រសាសន៍បន្ត រំលឹកឡើងពីប្រវត្តិសាស្រ្តរបស់ប្រទេសជាតិដែលបានជួបនូវសង្គ្រាមរាំរ៉ៃរាប់ ទស្សវត្ស ប្រទេសជាតិរងភាពខ្ទិចខ្ទាំ ហេដ្ឋារច្ចនាសម្ព័ន្ធទាំងអស់ត្រូវបានបំផ្លេចបំផ្លាញ ប្រជាពលរដ្ឋរងគ្រោះបាត់បង់អាយុជីវិតព្រ័ត្រប្រាស់សាច់ជាតិ គ្មានសិទ្ធិសេរីភាព តែដោយមាននយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមជាតិ នាំឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ បញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា ដោយកងកម្លាំងទាំងអស់បានចូលរួម សមាហរណ៍កម្មជាមួយរាជរដ្ឋាភិបាលក្នុងអំឡុងឆ្នាំ១៩៩៦ ខ្មែរឈ្នះទាំងអស់គ្នា ប្រទេសជាតិចាប់ផ្តើម និងបន្តអភិវឌ្ឍន៍មានការរីកចម្រើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ន។
ឯកឧត្តមបន្តទៀតថា គុណបំណាច់របស់ សម្តេចតេជោ ហ៊ុន សែន គឺធំធេងខ្លាំងណាស់មិនអាចកាត់ថ្លៃបានឡើយចំពោះប្រទេសជាតិ និងចំពោះបងប្អូនអតីតកងកម្លាំងទាំងអស់ដែលជាប្រតិបត្តិករ បានចូលរួមអនុវត្តន៍តាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ គឺយើងមិនបោះបង់ចោលគ្នាឡើយ យើងរស់នៅជាក្រុមគ្រួសារតែមួយតាំងពីដើមរហូតដល់បច្ចុប្បន្ន ព្រោះបងប្អូនជាឈាមជ័រខ្មែរដែលបានតស៊ូលះបង់ច្រើនណាស់ក្នុងដំណាក់កាលប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយបានបូជាសាច់ស្រស់ ឈាមស្រស់ ព្រមទាំងបានពលីដល់អាយុជីវិត ការពារបូរណភាពទឹកដី និងមកដល់បច្ចុប្បន្នមានបងប្អូនយើងខ្លះបានធ្លាក់ខ្លួនពិការផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានអំពាវនាវដល់បងប្អូនអតីត ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន សូមបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អកុំធ្វេសប្រហែស ត្រូវពាក់ម៉ាស់ ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។
បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្ទមកលេខ១១៥ ឬមកកាន់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនៅជិតបំផុត ឬរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ដើម្បីបញ្ជូនបងប្អូនទៅពិនិត្យព្យាបាលជំងឺ។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគគេមកក្រុមគ្រួសារយើង កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំច្រើន និងសូមស្តាប់នឹងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច ផងដែរ៕