រដ្ឋមន្ត្រីក្រសួងកសិកម្ម សម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអភិរក្សសត្វអណ្តើកហ្លូង ដែលជាសត្វមានដោយកម្រ និងជិតផុតពូជ របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង
ការថ្លែងនូវការគំាទ្រ និងលើកទឹកចិត្តដល់សកម្មភាពអភិរក្សសត្វអណ្តើកហ្លូង ដែលជាសត្វមានដោយកម្រ និងជិតផុតពូជនៅខេត្តកោះកុង របស់ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើឡើងក្នុងខណៈរួមដំណើរជាមួយលោកជំទាវ មិថុនា ភូថង គណអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចុះពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ ឫអណ្តើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលស៊ីម៉ា ខេត្តកោះកុង។
លោក អ៊ិត ហ៊ុល អ្នកបច្ចេកទេស បានធ្វើរាយការណ៍ជូនជ្រាបថា មណ្ឌលនេះគឺជាគម្រោងមួយសហការជាមួយរដ្ឋបាលជលផល ប្រមូលដណ្តើកមកចិញ្ចឹម បង្កាត់ពូជ និងអភិរក្ស។ គម្រោងនេះចាប់ដំណើការក្នុងឆ្នាំ ២០០១ ដោយទទួលបានការឧបត្ថមថវិកា និងបច្ចេកទេសពីអង្កការ WCS និងបានធ្វើការវិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយបច្ចុប្បន្នកសិដ្ឋានមានមេបាពូជចំនួន ២០៤ក្បាល។ លោកហ៊ុល បានបញ្ជាក់ថា អណ្តើកហ្លូង ជាប្រភេទសត្វមានដោយកម្រ និងជិតផុតពូជ បច្ចុប្បន្នមានតែនៅក្នុងខេត្តកោះកុង ហើយនៅលើពិភពលោកមានតែនៅប្រទេសឥណ្ឌា ម៉ាឡេស៊ី បង់ក្លាដេស និងកម្ពុជា ហើយមានតែនៅខេត្តកោះកុងដែលមានលក្ខណ:បរិស្ថាន ធម្មជាតិទឹក ចំណី និងខ្សាច់ពងកូន ល្អប្រសើរសម្រាប់សត្វនេះរស់នៅបន្តពូជបាន។
រហូតមកទល់បច្ចុប្បន្នកសិដ្ឋានភ្ញាស់កូនបាន ៤៥៦ក្បាល ថែរក្សាក្នុងមណ្ឌលអភិរក្ស ២០៤ក្បាល ចិញ្ចឹមថែរក្សាក្នុងមណ្ឌលខេត្តសៀម រាប ២៧ក្បាល លែងចូលក្នុងព្រែកធម្មជាតិដោយបំពាក់ឧបករណ៍តាមដានចំនួន ៨៦ក្បាល និងចំនួន ១៣៩ក្បាលទៀត បានលែងចូលតាមបឹង ព្រែកធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន និងលោកជំទាវអភិបាលខេត្ត បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអភិរក្សសត្វអណ្តើកហ្លូង ដែលជាសត្វមានដោយកម្រ និងជិតផុតពូជ និងជាពិសេស ជាសត្វប្រចាំភូមិសាស្រ្ត នៃដឹកដីខេត្តកោះកុង ។ ឯកឧត្តមសុំឱ្យរដ្ឋបាលជលផល និងសាកលវិទ្យាល័យភូមិន្ទកសិកម្មបញ្ជូនមន្រ្តី និងនិស្សិតមកសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ក្នុងបំណងលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ បង្កាត់ពូជ ចំណី ក្សេត្របរិស្ថាននៃជីវិតរស់នៅ និងអភិរក្ស ដើម្បីបង្កើនចំនួនកូនញាស់ សម្រាប់យកទៅលែងក្នុងបឹង ព្រែក និងដៃសមុទ្រធម្មជាតិ។ ឯកឧត្តមបានណែនាំឱ្យ រដ្ឋបាលជលផលសហការជាមួយអង្គការ ដើម្បីរៀបចំចងក្រងឯកសារផ្លូវ ច្បាប់ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូងយើងឱ្យបានគង់វង្សតរៀងទៅ ៕