រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជំរុញឲ្យក្រុមហ៊ុនដាំឈើ លើដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ខេម៉ាហ្រ្គា ពន្លឿនសកម្មភាពលើការងារដាំដុះ ឲ្យគ្រប់តាមផែនការដែលបានគ្រោងទុក
ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ ធ្វើការដាំដុះដើមឈើឡើងវិញ សម្រាប់បង្កើនគម្របព្រៃឈើ ការពារនូវការហូរច្រោះនូវគុណភាពដី និងដើម្បីបម្រើឱ្យវិស័យឧស្សាហកម្មឈើកែច្នៃ វិស័យសំណង់ និងគ្រឿងសង្ហារឹម ជាក់ស្តែង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន អមដំណើរដោយលោកជំទាវ មិថុនា ភូថង គណអភិបាលខេត្តកោះកុង ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព នៃការអភិវឌ្ឍឧស្សាហកម្មឈើដាំ លើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនខេម៉ាហ្រ្គា អិនវេសមែនគ្រុប នៅស្រុកស្រែអំបិល ខេត្តកោះកុង។
លោកសឹម ស៊ីនួន នាយកបច្ចេកទេស បានរាយបាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា ក្រុមហ៊ុន បានចាប់ផ្តើមអនុវត្តន៍គម្រោងអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ចចំនួន៨ពាន់ហិតា ក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពត។ បច្ចុប្បន្នដាំបាន៥ពាន់ហិតា ជាឈើអាកាស្យា ដោយប្រើពលកម្មចំនួន៤៥០នាក់។
ឯកឧត្តមវេង សាខុន បានណែនាំឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋ បាលព្រៃឈើ មន្ទីរកសិកម្មខេត្ត ដើម្បីពន្លឿនសកម្មភាពលើការងារដាំដុះឲ្យគ្រប់តាមផែនការដែលបានគ្រោងទុក។
គួរសិក្សាពីការប្តូរ ឬសាកពិសោធន៍ពូជអាកាស្យាថ្មីដែលមានទិន្នផលខ្ពស់ ប្រើពេលតិច និងលូតលាស់លឿន ក្នុងទិសដៅធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំឧស្សាហកម្មលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ផលិតផលឈើដាំ កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងជាពិសេសបង្កើត និងរក្សាបាននូវគម្របព្រៃឈើ បង្កើតការងារ បង្កើនចំណូល រក្សាបរិស្ថានក្នុងតំបន់នេះ និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលខេត្តកោះកុង អមដំណើរដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្ពង់ក្នុងបែរបស់លោក សេង ចន្ថា នៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ពិនិត្យឃើញទិដ្ឋភាព និងសកម្មភាពចិញ្ចឹមត្រីក្នុងបែរួចមក ឯកឧត្ដមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីឆ្ពង់ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។
បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមវេង សាខុន បានលើកទឹកចិត្តឱ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ ។ ឯកឧត្តម បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្មខេត្ត ជួយទំនាក់ទំនងរកឈ្មួញនៅទីក្រុងភ្នំពេញ និងទីផ្សារក្រៅពីខេត្តព្រះសីហនុ ដើម្បីជួយរំដោះផលត្រីដែលមានក្នុងស្តុក។
សូមជម្រាបជូនថា តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តកោះកុង បានឱ្យដឹងថា នៅទូទាំងខេត្តការចិញ្ចឹមត្រីក្នុងបែរបានចំនួន១៦០បែ អាចប្រមូលផលបាន៦៥តោន ការចិញ្ចឹមត្រីទឹកប្រៃក្នុងស្រះមានចំនួន៥ស្រះ អាចប្រមូលផលបាន ២៥តោន ការចិញ្ចឹមគ្រែងឈាមលើផ្ទៃដី៥២៤ហិតា ប្រមូលផលបាន ១៤ ០០០តោន ការចិញ្ចឹមគ្រំចំពុះទាលើផ្ទៃដី៨ហិតា ប្រមូលផលបាន ៣៥០តោន សរុបបរិមាណផលត្រីទឹកប្រៃ គ្រែង គ្រំ ចំនួន ១៤ ៤៥០ តោនក្នុង១ឆ្នាំ៕