គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤២គ្រួសារ ក្នុងស្រុកចំនួន២ នៃខេត្តសៀមរាប ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាលពីរសៀលថ្ងៃអាទិត្យ ទី ២៤ ខែឧសភា ឆ្នាំ២០២០ បានចាត់ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤២គ្រួសារ នៃស្រុកពួក និងស្រុកវ៉ារិន ក្នុងនោះស្រុកពួក ៣៧គ្រួសារ (ផ្ទះខូចខាតធ្ងន់) និងស្រុកវ៉ារិន ៥គ្រួសារ (រលំទាំងស្រុង  ៣គ្រួសារ និង ផ្ទះខូចខាតធ្ងន់ ២គ្រួសារ) ។ ពិធីនេះធ្វើឡើងនៅបរិវេណសាលាឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ។

បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍របស់ លោក ស៊ិន ចាន់ថុល ប្រធានអនុសាខាកាកបាទក្រហម ស្រុកពួក និង មតិសំណេះសំណាលរបស់ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួចមក មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។

ក្នុងនោះដែរឯកឧត្តមក៏បានបានសំណូមពរដល់បងប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មានពីការប្រែប្រួលអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម និងត្រូវត្រៀមបង្ការចំពោះគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុ ។   ម៉្យាងទៀតក្នុងពេលចំពោះមុខនេះ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជម្ងឺកូវីដ-១៩ និងត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល សំខាន់ត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ លាងដៃ នឹងទឹកសាប៊ូឲ្យបានស្អាតជាប្រចាំ ឬអាល់កុល ជែល និងពាក់ម៉ាស (ក្នុងទីសាធារណៈ) ឬ ប្រើក្រមា និង ក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងរក្សាគម្លាតសុវត្ថិភាព ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន៖ ឃីតមួយចំនួនធំ អង្ករ៣០គីឡូក្រាម ក្នុងមួយគ្រួសារ និងគ្រួសាររលំផ្ទះ ទទួលថវិកា២សែនរៀល គ្រួសារផ្ទះខូចខាតធ្ងន់ ថវិកាចំនួន១សែនរៀលផងដែរ៕ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner