អាការៈស្ត្រេសនៅកន្លែងការងារ អាចកត់សម្គាល់ដឹងនិងព្យាបាលបានដោយខ្លួនឯង

អត្ថបទដោយ៖
ស៊ុន លី

ចំណេះដឹងទូទៅ ៖ គ្មានការងារណាដែលថាមិនស្ត្រេសនោះទេ ប៉ុន្តែវាស្ថិតនៅក្នុងកម្រិតខុសគ្នាតិចឬច្រើនតែប៉ុណ្ណោះ។ នៅពេលមានអាការៈស្ត្រេសក្នុងការងារ មនុស្សភាគច្រើនតែងធ្វើខ្លួនឱ្យរវល់ជាមួយកិច្ចការផ្សេងៗបន្ថែម ដើម្បីកាត់បន្ថយស្ត្រេស។ ពួកគេគិតថា នេះជាមធ្យោបាយជួយអារម្មណ៍ខ្លួនឯងឱ្យធូរស្រាលប្រសើរបំផុត ក៏ប៉ុន្តែវាមិនមែនជាជម្រើសនោះទេ។

វិធីកាត់បន្ថយស្ត្រេសក្នុងការងារដែលមានប្រសិទ្ធភាពបំផុត អាចធ្វើបានតាមរយៈការកាត់បន្ថយបន្ទុកដល់ខួរក្បាល ខណៈអ្នកកំពុងតានតឹងខ្លាំង។ សមាធិ ហាត់កីឡា ដកឃ្លាបន្តិចពីការងារ ស្តាប់តន្ត្រី ឬជជែកលេងជាមួយមិត្តរួមការងារអាចឱ្យអាការៈស្ត្រេសកាត់បន្ថយជាបន្តបន្ទាប់។

យើងអាចសម្គាល់ដឹងថា អាការៈស្ត្រេសកើតមាននៅពេលងងុយគេងនិងអស់កម្លាំងភ្លាមៗក្នុងពេលបំពេញការងារ។ ពេលខ្លះអ្នកអាចក្លាយជាមនុស្សឆាប់ច្រឡោតភ្លាមៗគ្រាន់តែលឺសំឡេងអ្វីមួយ អារម្មណ៍មិននឹង ផលិតកម្មការងារធ្លាក់ចុះ ឈឺក្បាល ឈឺឆ្អឹងខ្នង បញ្ហាជំងឺក្រពះពោះវៀន ដកដង្ហើមខ្លី​ៗ​ ធុញថប់ការងារ ព្រមទាំងឡើងឬស្រកទម្ងន់ចម្លែក។

អ្វីដែលគួរកត់សម្គាល់មួយទៀត ស្ត្រេសកើតមានខ្លាំងនៅពេលដែលអ្នកសុំច្បាប់ឈប់ញឹកញាប់ក្រោមហេតុផលផ្សេងៗ ទាំងមិនដឹងថាខ្លួនឈប់ដើម្បី​អ្វីឱ្យប្រាកដ។ លើសពីនេះបើមានប្រវត្តិទទួលទានជាតិកាហ្វេអ៊ីនច្រើនជ្រុល ឬផឹកស្រាផងនោះ អាការៈស្ត្រេសនឹងធ្វើខួរក្បាលទទួលទុក្ខកាន់តែខ្លាំង​។ ប្រសិនបើអាការៈស្ត្រេសមិនថយចុះ អ្នកអាចប្រឈមនឹងជំងឺថប់អារម្មណ៍ មានសម្ពាធផ្លូវចិត្ត ពេលនោះត្រូវស្វែងរកគ្រូពេទ្យផ្លូវចិត្តប្រឹក្សាយោបល់ជាបន្ទាន់។

ការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យចិត្តសាស្ត្រដែលមានជំនាញ នឹងជួយសង្គ្រោះស្ថានភាពស្ត្រេសធ្ងន់ធ្ងរឱ្យបានធូរប្រសើរច្រើន។ អ្វីដែលគួរចៀសវាងសូមកុំនៅស្ងៀមស្ងាត់តែឯងឱ្យសោះ ព្រោះអ្នកនឹងកើនស្ត្រេសកាន់តែខ្លាំង ហើយគុណភាពជីវិតក៏នឹងធ្លាក់ដុនដាបទៅតាមនោះដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner