អ្នកវិនិយោគវិស័យអចលនទ្រព្យបញ្ជាក់ថា ការទិញ និងលក់អចលនទ្រព្យក្នុងប្រទេសមីយ៉ាន់ម៉ាធ្លាក់ចុះជិត១០០ភាគរយ
មីយ៉ាន់ម៉ា៖ អ្នកវិនិយោគវិស័យអចលនទ្រព្យមីយ៉ាន់ម៉ាបញ្ជាក់ថា ការទិញ និងលក់អចលនទ្រព្យក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះជិត១០០ភាគរយ បន្ទាប់ពីយោធាបានចាប់ឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុង សាន ស៊ូជី និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតនៃរដ្ឋាភិបាលរបស់លោកស្រី ក្នុងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។
នាយកគ្រប់គ្រងគេហទំព័រ iMyanmarHouse.com លោក U Nay Min Thu និយាយថា ទីផ្សារអចលនទ្រព្យកំពុងតែឈានទៅរកលទ្ធផលល្អនៅក្នុងសប្តាហ៍ទី៣ និងចុងក្រោយនៃខែមករា ដោយកត់ត្រាជាមធ្យមប្រចាំសប្តាហ៍ពី ២ ទៅ ៣ លានដុល្លារ ទាក់ទងនឹងការលក់ និងការទិញ ប៉ុន្តែតួលេខទាំងនេះបានធ្លាក់ចុះ៩៥ភាគរយចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ។ ជាមួយគ្នានេះ សហគ្រិនសំណង់និយាយថា វិនិយោគិនបរទេសមួយចំនួនបានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេ ។
បើតាមលោក U Kyaw Kyaw Soe ដែលមកពីសហព័ន្ធសហគ្រិនសំណង់មីយ៉ាន់ម៉ា មិនត្រឹមតែការវិនិយោគបរទេសប៉ុណ្ណោះទេ តម្រូវការក្នុងស្រុកក៏នឹងធ្លាក់ចុះផងដែរដោយសារតែស្ថានភាពនយោបាយមានការផ្លាស់ប្តូរ ។ វិស័យសំណង់ និងអចលនទ្រព្យនឹងដំណើរការជាធម្មតាឡើងវិញ ខណៈណាស្ថានភាពនយោបាយមានស្ថេរភាព ៕ ប្រភព៖ Myanmar Times


