លោក ស៊ីនហ្សូ អាបេ និយាយថា ជប៉ុនអាចនឹងដកទីក្រុងតូក្យូ ចេញពីគ្រាអាសន្ននាសប្តាហ៍ក្រោយនេះ ដោយសារអត្រាឆ្លង COVID-19 បន្តធ្លាក់ចុះ
ជប៉ុន៖ ជប៉ុនអាចនឹងដកទីក្រុងតូក្យូ ចេញពីគ្រាអាសន្ននាពេលឆាប់ៗនេះ ដែលប្រហែលជាធ្វើឡើងនាសប្តាហ៍ក្រោយ ប្រសិនបើអត្រាឆ្លងជម្ងឺ COVID-19 ត្រូវបានមើលឃើញថា បន្តថមថយចុះនោះ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងត្រូវបានចុះផ្សាយសារព័ត៌មាន CNA នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។
ទន្ទឹមគ្នា លោក ស៊ីនហ្សូ អាបេ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា យើងនឹងជួបពិភាក្សាជាមួយក្រុមអ្នកជំនាញ នៅថ្ងៃ ចន្ទ សប្តាហ៍ក្រោយនេះ (ម៉ោងក្នុងតំបន់) ដើម្បីធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍អត្រាឆ្លងវីរុស ។ លោក អាបេ បានសង្កត់ធ្ងន់ថា បើសិនជាស្ថានភាពដូចបច្ចុប្បន្ននេះបន្តរក្សានៅដដែលនោះ វាពិតជាអាចទៅរួចដែលថា ការប្រកាសពីគ្រាអាសន្ននឹងដកចេញពីតំបន់ទាំងនោះវិញ ។
សូមជម្រាបថា គិតមកទល់ពេលនេះ ទីក្រុងតូក្យូ ខេត្តហុកកៃដូ និងតំបន់ជុំវិញនោះនៅតែស្ថិតក្នុងគ្រាអាសន្ន ហើយការត្រៀមដកតំបន់បន្ថែមទៀតចេញពីគ្រាអាសន្ននេះ ដោយសារតែរដ្ឋាភិបាលកំពុងត្រួសត្រាយផ្លូវ ដើម្បីបើកដំណើរការចរន្តសេដ្ឋកិច្ចសំខាន់ៗឡើងវិញ ក្នុងគ្រាដែលជប៉ុនបានរងផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរ ព្រោះតែវិបត្តិបង្កឡើងដោយជំងឺរាតត្បាតជាសកល COVID-19 ៕