៣ចំណុច ជាវិធានការ ការពាររលកទី២នៃវីរុសកូវីដ១៩ ដែលម្ចាស់ភោជនីយដ្ឋានត្រូវអនុវត្តជាចាំបាច់ បើមិនដូច្នោះប្រឈមទៅនឹងការបិទអាជីវកម្ម
សៀមរាប៖ ទាំងអ្នកចំអិនម្ហូបអាហារ ទាំងអ្នកបំរើសេវានៅតាមបណ្តាភោជនីយដ្ឋានទាំងតូចក្តីធំក្តី ត្រូវប្រកាន់ខ្ជាប់និងអនុវត្តឱ្យបាននូវវិធានការបីចំណុចដែលមន្ត្រីសុខាភិបាលបានពន្យល់ណែនាំ ដូចជា ត្រូវពាក់ម៉ាស់ជាប្រចាំទាំងអ្នកចំអិនម្ហូបអាហារនិងអ្នក បំរើសេវាដល់អតិថិជនដែលមកបរិភោគនៅក្នុងទីកន្លែងរបស់ខ្លួនចៀសវាងតំណក់ទឹកតូចៗខ្ជាត់ចេញពីមាត់យើងទៅលើម្ហូបអាហារ ត្រូវដាក់អាល់កុលឬជែលលាងដៃ សម្រាប់អតិថិជនសំអាតដៃមុននិងក្រោយបរិភោគ ត្រូវរៀបតុកៅអីដោយរក្សាគម្លាតសុវត្ថិភាព មិនត្រូវរៀបតុកៅអីចង្អៀតណែនជាដាច់ខាត។នេះបើតាម ការពន្យល់ទៅកាន់អាជីវករលក់ដូរម្ហូបនំចំណីនៅតំបន់អង្គរឃ្យុងយូ របស់ លោកស្រី លី វណ្ណៈ ប្រធានការិយាល័យឱសថនៃមន្ទីរសុខាភិបាលខេត្ត កាលពីរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២០។ លោកស្រី លី វណ្ណៈ មានប្រសាសន៍ថា៖ក្រោមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្រសួងសុខាភិបាល នៅថ្នាក់ខេត្ត ក៏បានបង្កើត គណ:កម្មការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ- ១៩ខេត្ត កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ ដែលមានឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធាន គណ:កម្មការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ- ១៩ខេត្តសៀមរាប ។ហើយការចុះមកផ្សព្វផ្សាយពន្យល់ណែនាំដល់អាជីករលក់ដូរនៅតាមដងផ្លូវសាធារណៈនាពេលនេះ ក៍អនុវត្តតាមការណែនាំរបស់ ឯកឧត្តម ប្រធាន គណ:កម្មការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ- ១៩ខេត្ត ដើម្បឱ្យបងប្អូនជ្រួតជ្រាបពីវិធានការ បង្ការ ការពារ ទប់ស្កាត់ ដើម្បីចៀសវាងរលកទី២នៃវីរុសកូវីដ១៩ ឆ្លងចូលទៅក្នុងសហគមន៍ ។លោកស្រីបន្តថា៖ក្រោយពីផ្សព្វផ្សាយហើយ មន្ត្រីក្រុមការងារនឹងតាមពិនិត្យមើល ថាតើបងប្អូនអ្នកលក់ដូរគាត់អនុវត្តបានឬមិនបានទៅលើវិធានការបីចំណុចនោះ ប្រសិនជាគាត់ពុំព្រមអនុវត្តតាមទេ ក្រុមការងារនឹងធ្វើរបាយការណ៍រាយការណ៍ជូនអភិបាលខេត្តដើម្បីមានវិធានការ និងសុំគោលការណ៍បិទអាជីវកម្មជាបណ្តោះអាសន្ន អាចមួយសប្តាហ៍ មួយខែ ឬទាល់តែចប់វិបត្តិដោយកូវីដ១៩ ទៅតាមទំហំនៃការអនុវត្តរបស់គាត់។ក្រុមការងារនឹងបន្តចុះផ្សព្វផ្សាយ អប់រំណែនាំ ជាបន្តបន្ទាប់នៅតាមបណ្តាភោជនីយដ្ឋាន នានាក្នុងទូទាំងក្រុងសៀមរាប និងទាំងតាមបណ្តារមណីយដ្ឋាន នៅក្នុងតំបន់ទេសចរណ៍ផងដែរ៕