អគ្គនាយកអង្គការ WHO បញ្ជាក់ថា ពិភពលោកកត់ត្រាពីករណីឆ្លង COVID-19 ថ្មីដ៏ច្រើនបំផុតក្នុងពេលមួយថ្ងៃ

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេត្រូស អាដាណាម ហ្គេប្រេយែសឹស នៅថ្ងៃពុធម្សិលមិញបានបញ្ជាក់ថា មានករណីឆ្លងជាច្រើនត្រូវបានគេរាយការណ៍មកអង្គការ WHO ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលខ្ពស់ជាងការរាយការណ៍មុនៗ ចាប់តាំងពីពេលផ្ទុះឡើងនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។

អគ្គនាយកអង្គការសុខភាពពិភពលោករូបនេះបានថ្លែងថា យើងស្ថិតលើដំណើរផ្លូវដ៏វែងឆ្ងាយ ចំពោះមុខជំងឺឆ្លងរាតត្បាតទូទាំងសកលលោកនេះ ហើយក្នុងពេលត្រឹម២៤ម៉ោង មានករណីឆ្លងថ្មីចំនួន១០ម៉ឺន៦ពាន់ករណី ត្រូវបានរាយការណ៍មកអង្គការ WHO ដោយស្ទើតែ២ភាគ៣នៃករណីថ្មីទាំងនេះ ត្រូវបានរាយការណ៍ពីប្រទេសចំនួន០៤ ។

ការកត់សម្គាល់បែបនេះរបស់លោក ថេត្រូស ត្រូវបានធ្វើឡើងស្របពេលដែលនៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៥លាន៩ម៉ឺន២ពាន់៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣២ម៉ឺន៩ពាន់៧៦៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២លាន២ម៉ឺន៦ពាន់១៩៩នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner