ថៃបន្តរកឃើញអ្នកឆ្លង COVID-19 ចំនួន០៣ករណីថ្មីទៀត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងកើនឡើងដល់៣.០៣៧ករណី
ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃព្រហស្បត្តិ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០៣ករណីថ្មីបន្ថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺថ្មីបាត់បង់ជីវិតនោះទេ ដែលប្រការនេះនាំឱ្យតួលេខអ្នកឆ្លងសរុបកើនដល់៣ពាន់៣៧ករណី ក្នុងនោះមានអ្នកជម្ងឺ៥៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៨៩៧នាក់ នេះបើតាមសារព័ត៌មានCNAនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។
ដោយឡែកប្រទេសថៃបានរំពឹងថា ខ្លួនមានវ៉ាក់សាំងការពារជម្ងឺ COVID-19 នៅឆ្នាំក្រោយ បន្ទាប់ពីរកឃើញលទ្ធផលសាកល្បងជាវិជ្ជមានចំពោះសត្វកណ្តុរ នេះបើតាមមន្ត្រីជាន់ខ្ពស់ថៃមួយរូប និង ត្រូវបានចុះផ្សាយដោយសារព័ត៌មាន U.S.News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ។
បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 របស់ថៃ លោក ថាវីសិន វីសានុយោធិន ប្រទេសថៃនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងការពារ mRNA (messenger RNA) លើសត្វស្វានៅសប្តាហ៍ក្រោយ បន្ទាប់ពីការធ្វើតេស្តលើសត្វកណ្តុរទទួលបានជោគជ័យ ហើយថា វ៉ាក់សាំងថៃត្រូវបានរំពឹងថា នឹងអាចប្រើបាននៅឆ្នាំក្រោយនេះ ៕