ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង ខេត្តបាត់ដំបង បានដឹកនាំអាជ្ញាធរស្រុកទាំង៣ និងកងកម្លាំង ចុះត្រួតពិនិត្យប្រឡាយមេរងលេខ៧ ដែលកំពុងទាញយកទឹកពីទំនប់កង្ហត ដើម្បីអន្តរាគមន៍ជួយពលរដ្ឋ ៥០០គ្រួសារនៅឃុំកំពង់ព្រះ ស្រុកសង្កែ ដែលខ្វះទឹកហូប និងប្រើប្រាស់

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីអនុវត្តនូវវិធានការចំពោះមុខ ក្នុងការចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ៥០០គ្រួសារដែលកំពុងតែខ្វះទឹកហូបប្រើប្រាស់និងស្រោចស្រពដំណាំក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០២០ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងអន្តរាគមន៍បន្ទាន់មួយដើម្បីជួយពលរដ្ឋខ្វះទឹកហូបក្នុងឃុំខាងលើ ដែលការចុះអនុវត្តនេះធ្វើឡើងតាមការណែនាំនិងជម្រុញពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងពេលដែលឯកឧត្តមបានចុះទៅពិនិត្យមើលពីស្ថានភាព និងជីវភាពរស់នៅពិតប្រាកដរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ និង ដើម្បីឆ្លើយតបតាមសំណូមពរបន្ទាន់ពីអាជ្ញាធរស្រុក-ឃុំនៅទីនោះ ។

ក្នុងការចុះពិនិត្យមើលពីស្ថានភាពការបើកទម្លាក់ទឹកពីទំនប់កង្ហត ដើម្បីយកទៅផ្គត់ផ្គង៎ដល់ប្រជាពលរដ្ឋក្នុងឃុំកំពង់ព្រះ ស្រុកសង្កែនេះ ក៏មានវត្តមានរបស់លោកអភិបាលស្រុកសង្កែ ស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ និងកងកម្លាំងចូលរួមផងដែរ។ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ ការចុះអន្តរាគមន៍នាំទឹកឲ្យពលរដ្ឋជាង៥០០គ្រួសារ នៅស្រុកសង្កែ ដែលកំពុងតែខ្វះទឹកប្រើប្រាស់ដោយសារបញ្ហាភ្លៀងធ្លាក់គ្រាដើមឆ្នាំ២០២០នេះមិនគ្រប់គ្រាន់ បានធ្វើឲ្យពលរដ្ឋជាង៥០០គ្រួសារ នៅក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ កំពុងខ្វះទឹកប្រើប្រាស់។ហើយនៅថ្ងៃនេះ ជាគោលការណ៍និងតាមការណែនាំពីឯកឧត្តមអភិបាលខេត្ត និងមន្ទីរជំនាញចុះអន្តរាគមន៍ដើម្បីនាំទឹកពីទំនប់កង្ហត តាមប្រឡាយមេរងលេខ៧ យកទៅផ្គត់ផ្គង់តម្រូវការបន្ទាន់ ដើម្បីជួយសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅទីនោះបានប្រើប្រាស់ប្រសើរនិងគ្រប់គ្រាន់ឡើងវិញ ។

លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តបាត់ដំបង បានលើកឡើងក្នុងខណៈដែលចុះត្រួតពិនិត្យទីនោះជាមួយឯកឧត្តមអភិបាលខេត្ត ដើម្បីរិះរកដំណោះស្រាយជួយដល់បងប្អូនរស់នៅក្នុងឃុំកពង់ព្រះ ដែលខ្វះទឹកកន្លងទៅថ្មីៗនេះ។ ដោយលោកបានត្អូញត្អែរ ឲ្យដឹងផងដែរថា៖ទឹកនៅខាងលើដែលកំពុងតែទម្លាក់ ក៏មិនមានច្រើនប៉ុន្មានដែរហើយការទម្លាក់ទឹកប្រសិនបើមិនមានអ្នកខាងលើបូមទឹក ទប់ស្ទាក់ទឹកបូមដាក់ស្រែដើម្បីធ្វើស្រែទេនោះ គឺកម្លាំងទឹកដែលទម្លាក់នេះ វាអាចមកដល់គោលដៅ សម្រាប់ជួយពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់ ។

ក្នុងការចុះទៅត្រួតពិនិត្យអន្តរាគមន៍នាំទឹកតាមប្រឡាយមេរងលេខ៧នេះ។ក្នុងនោះក៏មានកងកម្លាំងចម្រុះរបស់ក្រុមការងារស្រុកទាំង៣ខាងលើផងដែរ និងបានប្រទះឃើញក្បាគោយន្តបូមទឹក ប្រមាណជិត២០គ្រឿង។កំពុងតែធ្វើសកម្មភាពបូមទឹកនិងធ្វើរបាំងបិទទប់មុខទឹក ខ្ទប់មិនឲ្យទឹកហូរធ្លាក់ចុះមកប៉ែកខាងក្រោម។ភាពអនាធិបតេយ្យពីការបិទស្ទាក់ទឹកទាំងនេះ គឺគេទាញយកទៅប្រើប្រាស់ខុសគោលដៅ ដោយបូមទឹកយកទៅដាក់ក្នុងស្រែខ្លួន ដើម្បីធ្វើការសាប ព្រោះស្រូវ និង ធ្វើស្រូវប្រាំងជាច្រើនកន្លែងក្នុងភូមិសាស្ត្រស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ នៅក្នុងនោះដែរ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបងក៏បានហៅម្ចាស់ម៉ាស៊ីនគោយន្ត ដែលបូមទឹក និងម្ចាស់ស្រែប្រាំង ឲ្បបញ្ឈប់ការបូមទឹកដាក់បញ្ចូលបស់ខ្លួនជាបន្ទាន់។ ព្រោះទឹកដែលកំពុងតែទម្លាក់ចុះក្នុងប្រឡាយនេះ គឺដើម្បីជួយប្រជាពលរដ្ឋដែលកំពុងតែខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង តែប៉ុណ្ណោះ។

ឯកឧត្តម អភិបាលរងខេត្តបាត់ដំបង ក៌បានជំរុញដល់អាជ្ញាធរស្រុកសង្កែ ជាពិសេសអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ត្រូវរួមគ្នាទប់ស្កាត់ ពីការបូមទឹកដាក់ស្រែប្រាំង ដែលកន្លងមកនេះអាជ្ញាធរខេត្តបានណែនាំ និងបានហាមឃាត់ពីការធ្វើស្រប្រាំងដោយសារតែស្ថានភាពខ្វះទឹក។ ដូចនេះទាំងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់កុំឲ្យមានករណីបូមស្ទាក់ទឹកជាបន្តទៀត។ និងដើម្បីពន្លឿនឲ្យទឹកបានហូរទៅខាងក្រោមបានលឿន។

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋរស់នៅជាប់នឹងប្រឡាយដែលកំពុងតែនាំទឹកនេះ សូមកុំនាំគ្នាបូមទឹកធ្វើស្រែឲ្យសោះ។ ពីព្រោះទុកឲ្យទឹក ធ្លាក់ទៅដល់ឃុំកំពង់ព្រះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនៅទីនោះ បានទឹកប្រើប្រាស់ប្រចាំថ្ងៃផង ហើយក៏មិនត្រូវនាំគ្នាចោះបំបែកប្រព័ន្ធប្រឡាយ ដើម្បីបង្ហូរឬបូមទឹកតាមតែទំនើងចិត្ត ដោយគ្មានការសុំអនុញ្ញាត ពីអាជ្ញាធរនិងមន្ឋីរជំនាញធនធានទឹកខេត្ត ជាមុននោះទេ។ ការចោះបំផ្លាញបែបនេះ គឺជាការចោះបំផ្លាញទ្រព្យសម្បត្តិរដ្ឋអាចនិងជាប់ទោសទណ្ឌថែមទៀតផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner