សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលបញ្ចុះអត្រាអាករ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចកែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន។

ការបញ្ចុះអត្រាអាករពិសេស ទៅតាមប្រភេទរថយន្តដូចខាងក្រោម៖

* រថយន្តគ្រួសារ៖ បញ្ចុះអត្រាអាករពិសេស ១០ពិន្ទុភាគរយ ចំពោះរថយន្តទំហំស៊ីឡាំងមិនលើសពី ៣០០០cc (ពី៣០% មក២០% និងពី៦០%មក ៥០%) ព្រមទាំងបញ្ចុះអត្រាអាករពិសេស ១៥ពិន្ទុភាគរយ ចំប្រភេទទំហំស៊ីឡាំងលើសពី ៣០០០cc (ពី៦៥% មក ៥០% និងពី៧០% មក ៥៥%)

* រថយន្តប្រើអគ្គិសនីសុទ្ធ (រថយន្តគ្រួសារ និងរថយន្តដឹកអ្នកដំណើរ)៖ បញ្ចុះអត្រាអាករពិសេស ២០ពិន្ទុភាគរយ (ពី៣០%មក១០%) ដើម្បីកាត់បន្ថយចំណាយ និងជួយការពារបរិស្ថាន។

* រថយន្តដឹកទំនិញ៖ បញ្ចុះអត្រាអាការពិសេស១៥ពិន្ទុភាគរយ (ពី៤០%មក ២៥%) ចំពោះរថយន្តសណ្តោងសឺមីរ៉ឺម៉ក ព្រមទាំងបញ្ចុះអត្រាអាករពិសេស១០ពិន្ទុភាគរយ (ពី៤០%មក៣០%) ចំពោះរថយន្តដឹកទំនិញប្រភេទដែលមាន ទម្ងន់សរុប (ទម្រងរថយន្ត និងទម្ងន់ផ្ទុក) លើសពី៥តោន។ ការបញ្ចុះតម្លៃអត្រាអាករពិសេសលើរថយន្តដឹកទំនិញ នឹងរួមចំណែកក្នុងការកាត់បន្ថយចំណាយឡូជីស្ទីក។

* រថយន្តបែន រថយន្តស្ទូច និងរថយន្តឯកទេសផ្សេង៖ បញ្ចុះអត្រាអាករពិសេស ១០ពិន្ទុភាគរយ (ពី៤០% មក៣០%) ដើម្បីជួយដល់វិស័យកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឡូជីស្ទីក។

ឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបាន ២៤១៩.៦លានដុល្លារ ធ្លាក់ចុះ៣៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដោយក្នុងនោះ មុខទំនិញរថយន្តដែលជាប្រភពចំណូលគយដ៏សំខាន់ ថយចុះប្រមាណ៤០%។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការកែសម្រួលបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ដើម្បីបន្ធូរបន្ថយពន្ធលើករថយន្ត ក្នុងគោលដៅស្តារទីផ្សារ កាត់បន្ថយថ្លៃឡូជីស្ទីក និងការការពារបរិស្ថាន។ តាមទិន្នន័យស្ថិតិនាំចូលឆ្នាំ២០២០ និងសន្មតថាបរិមាណរថយន្តនាំចូលមិនប្រែប្រួល ការបញ្ចុះតម្លៃអត្រាអាករពិសេសលើមុខទំនិញរថយន្ត ចំណូលគយអាចបាត់បង់ប្រមាណ ៣០លានដុល្លារ ក្នុងមួយឆ្នាំ។

ការកែសម្រួលបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១តទៅ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner