ក្រុមហ៊ុន Jaguar Land Rover របស់អង់គ្លេសគ្រោងចំណាយ៣.៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីវិនិយោគលើគម្រោងផលិតរថយន្តអគ្គិសនីនៅឆ្នាំ២០២៥
អង់គ្លេស៖ ក្រុមហ៊ុន Jaguar Land Rover ប្រកាសថា ខ្លួននឹងចាប់ផ្ដើមផលិតរថយន្តទំនើប និងប្រណីត Jaguar ជាប្រភេទរថយន្តអគ្គិសនីទាំងអស់នៅឆ្នាំ២០២៥ ខណៈរថយន្តក្រោមស្លាកយីហោ Jaguar និង Land Rover នឹងត្រូវបានផលិតចេញជារថយន្តអគ្គិសនីទាំងអស់នៅឆ្នាំ២០៣០ ។
ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់អង់គ្លេសមួយនេះ គ្រោងនឹងចំណាយប្រាក់៣.៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីវិនិយោគទៅលើគម្រោងផលិតរថយន្តអគ្គិសនីនេះ ខណៈក្រុមហ៊ុន Jaguar Land Rover នឹងប្រើប្រាស់រោងចក្រមួយចំនួនធំដែលមានស្រាប់ ក្នុងការផលិតរថយន្តអគ្គិសនីខាងលើ ។ សូមរំលឹកថា នាយករដ្ឋមន្ដ្រីអង់គ្លេសលោក បូរីស ចនសុន ធ្លាប់បានប្រកាសថា ប្រទេសរបស់លោកនឹងហាមឃាត់ការលក់រថយន្តម៉ាស៊ីនសាំង និងប្រេងម៉ាស៊ូតថ្មីចាប់ពីឆ្នាំ ២០៣៥តទៅ ។
ការប្រកាសរបស់លោក ចនសុន ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ស្តីពីការប្រែប្រួលអាកាសធាតុ COP26 ដែលអង់គ្លេសធ្វើជាម្ចាស់ផ្ទះនេះ បានកាត់បន្ថយចំនួន០៥ឆ្នាំពីកាលបរិច្ឆេទដើម ដែលថា នឹងហាមឃាត់ការលក់រថយន្តទាំងនេះនៅឆ្នាំ ២០៤០ ហើយផែនការថ្មីនេះត្រូវបានរួមបញ្ចូលទាំងរថយន្តកូនកាត់ផងដែរ ។ មិនតែប៉ុណ្ណោះ អង់គ្លេសក៏បានសន្យាដែរថា នឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់កម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ជាមួយនឹងវិធានការចម្រុះនៃការកាត់បន្ថយ និងការប៉ះប៉ូវការបំពុលខ្យល់ដូចជាការដាំដើមឈើជាដើម ៕ ប្រភព៖ Reuters


