គ្រឿងយន្តស្រាវជ្រាវថ្មី Perseverance របស់អង្គការ NASA ទទួលជោគជ័យ ក្នុងការចុះចតនៅលើភពអង្គារ
អាមេរិក៖ គ្រឿងយន្តស្រាវជ្រាវភពអង្គារថ្មី ភើសេវើរែនស៍ របស់អង្គការ NASA នៅម៉ោង៤៖០០នារសៀល (ម៉ោងក្នុងតំបន់) បានបុកទម្លុះបរិយាកាសភពអង្គារ ដោយប្រើរយៈពេលប្រមាណជា៧នាទី ហើយក្រោយមកកង់ទាំង០៦របស់វាក៏បានប៉ះនឹងដីភពអង្គារប្រកបដោយជោគជ័យ ។
ភើសេវើរែនស៍ មានតួនាទីស្រាវជ្រាវដុំថ្មភពអង្គារ ដើម្បីរកមើលម៉ូលេគុលហ្វូស៊ីល ដែលអាចជាភស្តុនៃជីវិតកាលពីអតីតកាលនៅលើភពអង្គារ ព្រមទាំងធ្វើការសិក្សាអំពីដាននៃបរិយាកាសកាលពីអតីតកាល និងអំពីបរិស្ថានភូមិសាស្ត្រភពអង្គារបន្ថែមទៀតនៅក្នុងរណ្តៅ ឬអតីតបឹងឈ្មោះ ចេហ្សេរ៉ូ ដែលមានមុខកាត់ ៤៥គីឡូម៉ែត្រ ស្ថិតនៅអឌ្ឍគោលខាងជើងភពអង្គារដែលបានចុះចតនោះ ។ រីឯកូនឧទ្ធម្ភាគចក្រ អ៊ីជេននូអ៊ីធី គឺសម្រាប់ធ្វើតេស្តហោះហើរក្នុងបរិយាកាសដ៏ស្តើងនៃភពអង្គារ (ស្មើមិនដល់ ១% នៃកម្រាស់បរិយាកាសផែនដី) ដើម្បីធ្វើការគូសវាសទីតាំងភូមិសាស្ត្រសំខាន់ៗ ជាជំនួយដល់បេសកកម្ម ភើសេវើរែនស៍ ។
សម្រាប់គោលដៅចុងក្រោយរបស់ ភើសេវើរែនស៍ ដែលជាការជីកយកគំរូតាងជាដុំថ្ម និងកម្ទេចដីពីភពអង្គារ រួចវេចខ្ចប់យ៉ាងត្រឹមត្រូវ ដើម្បីដឹកជញ្ជូនមកកាន់ភពផែនដីវិញនោះ គឺអង្គការ NASA ត្រូវការកិច្ចសហការជាមួយអឺរ៉ុប ដែលនឹងកើតឡើងយ៉ាងឆាប់បំផុតនៅឆ្នាំ២០៣១ខាងមុខនេះ ៕ ប្រភព៖ Reuters


