លោក ចូ បៃដិន សន្យាផ្តល់ថវិកា៤ពាន់លានដុល្លារដល់កម្មវិធីចាក់វ៉ាក់សាំង COVAX អំឡុងចូលរួមកិច្ចប្រជុំប្រទេស G7 ក្នុងសប្តាហ៍នេះ
អាមេរិក៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាផ្តល់ថវិកា៤ពាន់លានដុល្លារដល់កម្មវិធីចាក់វ៉ាក់សាំង COVID-19 នៅតាមបណ្ដាប្រទេសក្រីក្រ នេះបើតាមមន្រ្តីអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ។
លោក ចូ បៃដិន នឹងប្រើឱកាសជាលើកដំបូងរបស់លោកក្នុងនាមជាប្រធានា ធិបតី អំឡុងកិច្ចប្រជុំ G7 តាមប្រព័ន្ធអនឡាញនៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ដើម្បីប្រកាសជាបន្ទាន់នូវការបរិច្ចាគថវិកា២ពាន់លានដុល្លារដល់កម្មវិធី COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីធានានូវការទទួលបានការចាក់វ៉ាក់សាំងប្រកបដោយតម្លាភាពនៅជុំវិញពិភពលោក ។ រីឯថវិកា២ពាន់លានដុល្លារទៀតនឹងត្រូវផ្ដល់ជូនក្នុងរយៈពេល២ឆ្នាំខាងមុខផងដែរ ដើម្បីលើកទឹកចិត្តឱ្យប្រទេសជាម្ចាស់ជំនួយធំៗដទៃចូលរួមចំណែកក្នុងកិច្ចការនេះ ។
សូមជម្រាបថា កម្មវិធី COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) មានគោលបំណងផ្ដល់វ៉ាក់សាំងប្រមាណ២ពាន់លានដូសនៅត្រឹមដំណាចឆ្នាំ២០២១នេះ ដោយគ្របដណ្ដប់លើ២០ភាគរយ នៃប្រជាជនងាយរងគ្រោះនៅតាមបណ្ដាប្រទេសក្រីក្រ និងប្រទេសមានប្រាក់ចំណូលមធ្យម ៕ ប្រភព៖ AFP

