ទីបំផុតសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ Covid-19 កើនឡើងដល់៥០ម៉ឺននាក់
អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បានកត់ត្រាពីចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 កើនឡើងដល់៥០ម៉ឺននាក់ចាប់តាំងពីវីរុសនេះបានផ្ទុះឡើងដំបូង ខណៈអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបានព្រមានដែរថា ប្រក្រតីភាពអាចនឹងមិនវិលត្រឡប់មកវិញឡើយ រហូតដល់ដំណាច់ឆ្នាំ២០២១នេះ ។
ប្រធានទីប្រឹក្សាវេជ្ជសាស្ត្ររបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គឺលោក អាន់ថូនី ហ្វូស៊ី បានប្រាប់កម្មវិធីជំនួបសារព័ត៌មានរបស់ទូរទស្សន៍ NBC ថា វាគួរឱ្យខ្លាចណាស់… វាជាប្រវត្តិសាស្ត្រ… យើងមិនដែលបានឃើញអ្វីមួយសូម្បីកៀកនឹងរឿងបែបនេះអស់រយៈពេលជាង១០០ឆ្នាំមកហើយ ចាប់តាំងពីជំងឺផ្តាសាយរាតត្បាតឆ្នាំ១៩១៨ ។ លោកបានសង្កត់ធ្ងន់ថា វាជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនៅពេលដែលអ្នកក្រឡេកមើលតួលេខស្ទើរតែមិនគួរឱ្យជឿ ប៉ុន្តែវាជាការពិត ខណៈចំនួនអ្នកស្លាប់នៅលើវេបសាយរបស់សាកលវិទ្យាល័យ ចន ហប់ឃីន មានប្រហែល៤៩ម៉ឺន៨ពាន់នាក់ ។
យ៉ាងណាមិញ សញ្ញានៃក្តីសង្ឃឹមកំពុងលេចចេញជាថ្មីក្នុងពេលការចាក់វ៉ាក់សាំងបានចាប់ផ្តើម និងករណីឆ្លងនៅរដូវរងាបានថយចុះយ៉ាងច្រើន ប៉ុន្តែចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ដែលរាយការណ៍អំពីអ្នកស្លាប់និងករណីឆ្លងច្រើនបំផុតនៅលើពិភពលោក ៕ ប្រភព៖ Reuters

