តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាជម្រកសត្វស្លាបទឹកដ៏សម្បូណ៍បែបនិងជាជម្រកដ៏សុខសាន្ត
រាជធានីភ្នំពេញ៖ ក្នុងពេលថ្មីៗនេះមន្រ្តីឧទ្យានុរក្ស បានថតរូបភាពសត្វស្លាបព្រៃរាប់ម៉ឺនក្បាលកំពុងហោះហើររកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្រ្តខេត្តតាកែវ។រូបភាពទាំងនេះបានបង្ហាញពីកំណើនសត្វស្លាបសត្វព្រៃ និង ជាជម្រកដ៏សុខសាន្តរបស់ពួកវាក្នុងតំបន់នេះផងដែរ។
បើតាមមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងនាកន្លងមកថាតំបន់ការពារទេសភាពបឹងព្រែកល្ពៅខេត្តតាកែវ មានប្រភេទសត្វស្លាបព្រៃរាប់ម៉ឺនក្បាល និងប្រមាណជា ៧០ប្រភេទ កំពុងរស់នៅ។ តំបន់ដីសើមបឹងព្រែកល្ពៅ ខេត្តតាកែវ ជាប្រភពចំណី ជម្រកដ៏មានសុវត្ថិភាព សម្រាប់សត្វស្លាបទឹកពងកូន និងបន្តពូជ។ តំបន់ការពារសត្វស្លាបមួយនេះ បានផ្ដល់នូវចំណីគ្រប់គ្រាន់ និងទីជម្រកសមរម្យដែលអាចបន្តពូជ ព្រមទាំងសុវត្តិភាព ពីការប្រមាញ់ពីមនុស្សជាដើម។
ក្នុងតំបន់ដីសើមបឹងព្រែកល្ពៅ ខេត្តតាកែវ គឺជាទីតាំងទ្រទ្រង់ជីវៈចម្រុះដ៏មានសក្ដានុពល សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិនាអនាគត។ មិនតែប៉ុណ្ណោះតំបន់នេះ ក៏ជាតំបន់វាលស្មៅយ៉ាងទាក់ទាញផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះគឺ នៅតំបន់ការពារមួយនេះ គឺមានវត្តមានរបស់សត្វក្រៀល ដែលជាសត្វស្លាបជិតផុតពូជ។ ក្រៀលមានវត្តមាន នៅរៀងរាល់រដូវទឹកសម្រក ក្នុងខែធ្នូ និងបម្លាស់ទីចាក់ចេញទៅវិញ នៅរៀងរាល់ខែកុម្ភៈ។
គួរបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីប្រមាណ៨,៣០៥ ហិកតា លាត សន្ធឹងលើផ្ទៃស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ ត្រូវបានបង្កើតឡើងនៅតុលា ឆ្នាំ២០០៧ ដើម្បីគ្រប់គ្រង និងអភិរក្សដែនបម្រុងសត្វក្រៀល និងសត្វស្លាប៕ដោយ៖ម៉ាដេប៉ូ




