ឥណ្ឌូណេស៊ីអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន AstraZeneca នៅក្នុងករណីបន្ទាន់
ឥណ្ឌូនេស៊ី៖ ប្រធានទីភ្នាក់ងារឱសថ និងចំណីអាហាររបស់ប្រទេសឥណ្ឌូណេស៊ីលោកស្រី ភែននី ខេ. លូគីតូ (Penny K. Lukito) បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកស្រីបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងការពារជំងឺ Covid-19 ដែលផលិតឡើងដោយក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) នៅក្នុងករណីបន្ទាន់ ។
វ៉ាក់សាំងច្រើនជាងមួយលានដូសបានដឹកជញ្ជូនមកដល់ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ តាមរយៈយន្តការ COVAX ដែលជាកម្មវិធីសម្របសម្រួលការចែកចាយវ៉ាក់សាំង COVID-19 ដឹកនាំដោយសម្ព័ន្ធភាពសុខាភិបាល GAVI, មូលនិធិវ៉ាក់សាំង CEPI និងអង្គការសុខភាពពិភពលោក (WHO) ។
សូមបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្រទេសខ្លួនកាលពីខែមករាកន្លងទៅ ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ស៊ីនណូវ៉ាក់ បាយអូធិច (Sinovac Biotech) ។ គិតមកទល់ពេលនេះ មនុស្សប្រមាណ២.២៨លាននាក់ហើយនៅឥណ្ឌូណេស៊ី ដែលទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោច០១ដូសដំបូង ខណៈវ៉ាក់សាំងរបស់ ស៊ីណូវ៉ាក់ សរុបប្រហែល៣៨លានដូសត្រូវបានដឹកមកដល់ប្រទេសអាស៊ានមួយនេះ ៕ ប្រភព៖ Reuters

