ប្រអប់ខ្លឹម ផ្ដល់បទពិសោធន៍ថ្មីដល់ការសិក្សារបស់សិស្សានុសិស្សនៅកម្ពុជា

ការសិក្សារបស់សិស្សនាពេលបច្ចុប្បន្នទាមទារឱ្យមានការអនុវត្តជាក់ស្ដែងដែលជាកត្តាមួយសម្រួលដល់ការយល់ ក៏ដូចជាការទទួលយកនូវចំណេះដឹង ដែលជាមូលហេតុជំរុញឱ្យយុវជនមួយក្រុមបង្កើតប្រអប់ខ្លឹម (Klem Box) ឡើងដើម្បីផ្តល់ភាពកាន់តែងាយស្រួលសម្រាប់សិស្សានុសិស្សសិក្សាស្វែងយល់ និងអនុវត្តជាត់ស្ដែងស្របតាមកម្មវិធីសិក្សារបស់ក្រសួង។

ប្រអប់ខ្លឹម (Klem Box) គឺជាឧបករណ៍មួយដែលពាំនាំនូវបទពិសោធន៍ថ្មីមកជូនសិស្សានុសិស្សដែលកំពុងសិក្សាឱ្យទទួលបាននូវការអនុវត្តជាក់ស្ដែងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ។ប្រអប់នេះត្រូវបានបង្កើតឡើងដោយក្រុមយុវជនខ្មែរដែលមានសមាជិក3រូប រួមមាន លោក នួនស៊ីនឿន សំណាង លោក ឡុង ម៉េងថុង និងលោក ចាន ដាវីត។

នាយកប្រតិបត្តិប្រអប់ខ្លឹម លោក នួនស៊ីនឿន សំណាង បានប្រាប់ AMS ថា ៖ « ខ្ញុំតែងតែសួរខ្លួនឯងថា ពេលដែលខ្ញុំរៀននៅសាលាអន្តរជាតិ Liger ហ្នឹង6ឆ្នាំ តើខ្ញុំគួរតែធ្វើបែបណាដើម្បីផ្ដល់ឱកាស និងជួយដល់ប្អូនៗ ក៏ដូចជាមិត្តភក្ដិខ្ញុំនៅខេត្តដូចគ្នា។ ដូច្នេះហើយ ទើបពួកយើងសម្រេចចិត្តបង្កើតប្រអប់ខ្លឹម»។

ជាមួយគ្នានេះ លោកក៏បានប្រាប់ពីដំណើរដើមទងពីការផលិតប្រអប់ខ្លឹមនេះថា ៖« ដំបូងខ្ញុំប្រើលុយសន្សំខ្លួនឯងដែលខ្ញុំចូលកម្មវិធីប្រកួតនៅវិទ្យាល័យពេលខ្ញុំនៅខេត្ត ចឹងពេលខ្ញុំមកធ្វើនៅភ្នំពេញ យើងជួលផ្ទះផង យើងទិញម៉ូតូផង អ៊ីចឹងលុយសន្សំហ្នឹងខ្ញុំវិនិយោគទៅលើហ្នឹងអស់ហើយ។ ខ្ញុំបានចូលរួមកម្មវិធី Blue Tribe ដែលជាកម្មវិធីរបស់ UNDP និងសហគ្រិនខ្មែរ គាត់បានវិនិយោគយើង 5,000ដុល្លា ទីកន្លែងដែលយើងធ្វើការ និងទីព្រឹក្សាដ៏ល្អៗដើម្បីណែនាំសម្រាប់ក្រុមហ៊ុនរបស់យើង»។

លោកបានបញ្ជាក់ឱ្យដឹងថា ចំពោះផលចំណេញ ពួកគេទទួលបានភាគច្រើនមកពីការណែនាំ និងបណ្ដុះបណ្ដាលគ្រូនៅពេលដែលយកឧបករណ៍ទៅប្រើ ដោយវីដេអូសម្រាប់ណែនាំវាមានតម្លៃថោក ប៉ុន្តែគេលក់វាបានថ្លៃដោយសារតែវាមានព័ត៌មានច្រើននៅក្នុងនោះ។ ហើយមួយទៀតគឺថា ការណែនាំគ្រូវាមិនពិបាកអ្វីនោះទេម្រាប់ពួកគេតែអាចទទួលបានកម្រៃច្រើនពីអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗទៀត ។

ដោយឡែកទាក់ទងនឹងឧបករណ៍ជំនួយក្នុងវិស័យអប់រំនេះ លោក ឡុង ម៉េងថុង នាយកគ្រប់គ្រងប្រអប់ខ្លឹម បានរៀបរាប់ថា វាត្រូវបានផលិតឡើងជា3ប្រភេទ និងត្រូវបានដាក់លក់ប្រមាណជាង 350ប្រអប់ ហើយប្រអប់មួយមានតម្លៃ 7ដុល្លារ រីឯប្រអប់2ទៀតមានតម្លៃ9ដុល្លារ ដោយក្នុងនោះភាគច្រើនគេបានសហការជាមួយនឹងខាងអង្គការ UNDPដែលបានដាក់ឧបករណ៍នីមួយៗនៅតាមសាលា4ទីតាំងផ្សេងគ្នា។

ពាក់ព័ន្ធទៅនឹងកត្តាប្រឈមវិញ ត្រូវបានលោក ចាន ដាវីត ជានាយកគ្រប់គ្រងហិរញ្ញវត្ថុក៏បានប្រាប់ឱ្យដឹងដែរថាបញ្ហាដែលពួកគេបានជួបប្រទះគឺកំឡុងពេលដែលពួកគេបានចាប់ផ្ដើមកាលពី6ខែមុន ដែលជាកំឡុងពេលផ្ទុះជំងឺផ្លូវដង្ហើមថ្មីកូវីដ19 ខណៈដែលប្រអប់ខ្លឹមត្រូវធ្វើការសាកល្បងពីសំណាក់សិស្សនៅសាលារដ្ឋ តែសាលាត្រូវបានបិទទ្វារ ទើបធ្វើឱ្យការសាកល្បងត្រូវបានពន្យាពេល។ មួយវិញទៀត ដោយសារតែពួកគេមានគ្នាតែ3នាក់ ចង់ផលិតប្រអប់ឱ្យបានច្រើន និងច្រើនមុខវិជ្ជា ដែលត្រូវការពេលផលិតយូរ និងសាកល្បងច្រើនលើក ទើបធ្វើឱ្យការផលិតប្រអប់ខ្លឹមនៅមានកម្រិត និងមិនអាចចែកចាយឱ្យសិស្សទាំងអស់បានអនុវត្តព្រមគ្នា។

គួរបញ្ជាក់ផងដែរថា ប្រអប់ខ្លឹមនេះមាន3ប្រភេទ ដោយទី1ទាក់ទងនឹងមីក្រូទស្សន៍ ទី2ទាក់ទងនឹងអគ្គិសនី ហើយទី3គឺការដាំបន្លែ។ ស្ថាបនិកទាំង3រូបក៏បានតាំងចិត្តថានឹងធ្វើកាផលិត ក៏ដូចជាសាកល្បងឱ្យបានលឿន ដើម្បីអភិវឌ្ឍប្រអប់ខ្លឹមនេះឱ្យកាន់តែប្រសើរសម្រាប់បម្រើឱ្យការសិក្សារបស់សិស្សនៅទូទាំងប្រទេសកម្ពុជា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner