ទីបំផុតសំណើលើកញ្ចប់ថវិកាសង្គ្រាះចំនួន១,៩ទ្រីលានដុល្លាររបស់លោក ចូ បៃដិន ឈ្នះការអនុម័តចុងក្រោយនៅសភាហើយ
អាមេរិក៖ ទីបំផុតសមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តលើកញ្ចប់ថវិកាសង្រ្គោះចំនួន១.៩ទ្រីលានដុល្លាររបស់លោក ចូ បៃដិនហើយ ដែលនេះគឺជាកញ្ចប់ថវិកាសង្រ្គោះដែលមានទំហំធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយវាក៏ជាជ័យជម្នះធំធេងមួយជាលើកដំបូងសម្រាប់លោក បៃដិន ចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីខែមករាមកផងដែរ ។
ក្នុងកញ្ចប់ថវិកាសង្រ្គោះដ៏ធំសម្បើមនេះ ក្នុងនោះរួមមាន៤០០ពាន់លានដុល្លារសម្រាប់ការផ្តល់ជាប្រាក់ឧបត្ថម្ភដោយផ្ទាល់ចំនួន១ពាន់៤រយដុល្លារដល់ពលរដ្ឋអាមេរិកភាគច្រើន និង ៣៥០ពាន់លានដុល្លារទៀតជាជំនួយដល់រដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់ ក៏ដូចជាបង្កើនមូលនិធិលើការគំាទ្រសកម្មភាពចែកចាយវ៉ាក់សាំងផងដែរ ។
សូមជម្រាបថា សមាជិកសភាតំណាងរាស្ត្រអាមេរិកបានអនុម័តកញ្ចប់ថវិកាសង្រ្គោះខាងលើនេះ ក្នុងសំឡេងគាំទ្រ២២០ ទល់នឹង២១១សំឡេងជំទាស់ ។ បើតាមសេតវិមាននោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងចុះហត្ថលេខាលើសេច ក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាខាងលើ ដើម្បីអោយវាក្លាយទៅជាច្បាប់ដាក់ឲ្យអនុវត្តនៅថ្ងៃ សុក្រ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ Reuters

