យុវជនម្នាក់ជិះម៉ូតូវ៉ាជែង ជ្រុលទៅបុករថយន្តបណ្តាលឲ្យដួលបោកក្បាលស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ
ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត ឡង់គ្រីស័រ ពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបង្ករការភ្ងាក់ផ្អើលកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួត វាសនា ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងទងស្នាក់នៅ ភូមិតាលុន ឃុំតាលុន ស្រុកស្អាង ខេត្តកណ្ដាល។ រីឯអ្នកបេីកបររថយន្តក ឈ្មោះ ស្រេង ហុង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្ត្រីនគរបាលភូមិត្រពាំងថ្លឺង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កូបពី១គ្រឿងពណ៌ខ្មៅ ពាក់ស្លាក់លេខ កណ្តាល 1AB-9610 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស្ករពាក់ស្លាក់លេខ ភ្នំពេញ 1S-2947 ចំពីខាងមុខពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធី ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចនបាធ្វេីកំណត់ហេតុរួចប្រគល់ទៅឲ្យសាច់ញាតិ យកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ ភារ៉ា និងឆៃហួត