ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុវត្តអនុក្រឹត្យថ្មី ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកច្រើនជាងមុន

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ជឹម សុវណ្ណ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹងថា សកម្មភាពក្នុងការរឹតបន្តឹងការអនុវត្ត អនុក្រឹត្យថ្មី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បានប្រព្រឹត្តិទៅប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់ ។

នៅក្នុងរយៈពេល២អាទិត្យនៃការអនុវត្ត អនុក្រឹត្យថ្មី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ នគរបាលចរាចរណ៍ខេត្តសៀមរាប ឃាត់រថយន្ត និងម៉ូតូ ឥតមានស្លាកលេខ ចំនួន ១៣៣ករណី, ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ចំនួន៥៩០ ករណី និង បើកបរក្នុងភាពស្រវឹង ១ករណីផងដែរ។ លោកវរសេនីយ៍ឯកអះអាងថា រហូតមកដល់ថ្ងៃទី១១ខែឧសភានេះ ប្រជាពលរដ្ឋនៅខេត្តសៀមរាប មានការគោរពច្បាប់ច្រើនជាងមុន ដោយមានការពាក់មួកសុវត្ថិភាពប្រមាណ៩៨%គួឲ្យកត់សម្គាល់។

លោក សិដ្ឋ ពិសី ប្រធានសាខាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ខេត្តសៀមរាប បានឲ្យដឹងថា នៅពេលដែលឧសានុវាទ រឹតបន្តឹងក្នុងការអនុវត្តន៍អនុក្រឹត្យថ្មី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើឲ្យបងប្អូនអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ បានចូលមកធ្វើឆៀករថយន្តរបស់ខ្លួន មានការទ្វេរឡើង ជារៀងរាល់ថ្ងៃ ប្រមាណជាង៣ពាន់គ្រឿង ដែលមកពីបណ្តាខេត្តក្នុងភូមិភាគទី៤ ហើយក្នុងមួយថ្ងៃក្រុមការងារធ្វើការឆៀក បានប្រមាណជាង២០០គ្រឿង ហើយមុខការអនុវត្តច្បាប់ រថយន្តដែលចូលមកធ្វើឆៀកមានប្រមាណពី ៩០ទៅ១០០ គ្រឿងតែប៉ុណ្ណោះក្នុងមួយថ្ងៃ ។ ក្នុងនោះដែរលោកក៏បានធ្វើការអំពាវនាវគ្រប់បងប្អូនអ្នកប្រើប្រាស់យានយន្តទាំង ត្រូវធ្វើការត្រួតពិនិត្យទៅលើថ្ងៃខែឆ្នាំកាលបរិច្ឆេតប័ណ្ណឆៀក កុំឲ្យមានលើសពេលវេលា ដែលនាំឲ្យសមត្ថកិច្ចធ្វើការផាកពិន័យ និងកកស្ទះក្នុងការធ្វើឆៀក ហើយក៏ដើមី្បសុវត្ថិភាពរបស់បងប្អូនផងដែរ។

តាមការបញ្ជាក់របស់លោក ប៉ែន សូនី ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត និង ជាប្រធានគណៈកម្មការប្រឡងយកប័ណ្ណបើកបរយានយន្តនៅខេត្តសៀមរាប បានឲ្យដឹងថា ចាប់ពីរាជរដ្ឋាភិបាល បានធ្វើការរឹតបន្តឹងក្នុងការអនុវត្ត អនុក្រឹត្យថ្មី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ឃើញថាមានបងប្អូនជាអ្នកប្រើប្រាស់យាន យន្តគ្រប់ប្រភេទ បានចូលមកទទួលសេវាធ្វើការប្រឡងយកប័ណ្ណបើកបរ ទៅតាមប្រភេទមានការកើនឡើង ជាងពីពេលមុនការរឹតបន្តឹងច្បាប់ចរាចរណ៍។

លោកបានបន្តទៀតថា ក្នុងរយៈពេល២សប្តាហ៍មកនេះ បងប្អូនដែលចូលមក ទទួលសេវាផ្នែកប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទ ប្រមាណជាង២ពាន់នាក់ ។ ក្នុងការប្រឡងយកប័ណ្ណបើកបរនេះ ភាគច្រើនបងប្អូនអ្នកប្រើប្រាស់ម៉ូតូដែលមានកម្លាំងលើសពី១២៥សេសេ និងអ្នកបើករ៉ឺម៉ក់កង់បី  អ្នកប្រើប្រាស់រថយន្តប្រភេទ (ខ)រថយន្តទេចរណ៍ ហើយរថយន្តប្រភេទធំៗ មានចំនួនតិច ។  ក្នុងនោះដែរលោកក៏បានអំពាវដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ឲ្យ បានជាប្រចាំ ដើមី្បសុវត្ថិភាពក្នុងការបើកបរ និងត្រូវមានប័ណ្ណបើកបរ ,ប័ណ្ណសម្គាល់យានយន្ត  និងធ្វើអាជីវកម្មនៅជាប់នឹងខ្លួនជានិច្ច ។

តាមការរឹតបន្តឹងការអនុវត្ត អនុក្រឹត្យថ្មី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក លោក ខៀវ ប្រសើរ អនុប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត បានឲ្យដឹងផងដែរថា ចំពោះសកម្មភាពក្នុងការចុះបញ្ជីយានយន្ត និងផ្តល់ប័ណ្ណបើកបរយានយន្តផ្លូវគោក ចាប់ពីថ្ងៃទី១ឧសភា ដល់ទី១១ឧសភានេះ បានអនុវត្តចុះបញ្ជីម៉ូតូថ្មី បាន២៥៩គ្រឿង ចុះបញ្ជីរថយន្តថ្មី ៩៥គ្រឿង, ផ្នែកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)សរុប ៣ពាន់១៥០គ្រឿង, រថយន្តធ្វើអាជីវកម្ម ៦៨៨គ្រឿង, ប្រឡងបើកបររថយន្តធំ មាន ចំនួន៩៥៤នាក់, ប្រឡងបើកបររថយន្តតូច ១ពាន់៨១០នាក់, ប្រឡងយកប័ណ្ណបើកបរម៉ូតូ ៤៧៣នាក់, ប្តូរប័ណ្ណបើកបរ ៧០០ ប័ណ្ណ, ទុតិយតាប័ណ្ណបើកបរ ១២៩ប័ណ្ណ ,ទុតិយតាប័ណ្ណ.ផ្លាកម៉ូតូ ១២ , ផ្ទេរប័ណ្ណ.ផ្លាកម៉ូតូ ០៤គ្រឿង ,ប្តូរប័ណ្ណ.ផ្លាកម៉ូតូ ៣គ្រឿង ទុតិយតាប័ណ្ណ ផ្លាករថយន្តចំនួន១៣ប័ណ្ណ , ផ្ទេរប័ណ្ណ.ផ្លាករថយន្ត ២៦គ្រឿង និង ប្តូរប័ណ្ណ.ផ្លាករថយន្ត ចំនួន០៣គ្រឿងផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner