ព្រះមេគណខេត្តសៀមរាប ជំរុញដល់ព្រះសង្ឃ និងដូនជីតាជីប្រជាពុទ្ឋបរិស័ទ កុំភ្លេចខ្លួន និងកុំធ្វេសប្រហែសជាមួយវីរុសកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យ មេគណខេត្តសៀមរាប មានថេរៈដីកាថា៖ នេះជាដំណើរសួរសុខទុក្ខដល់ព្រះសង្ឃនៅតាមទីអារាមនានាក្នុងទូទាំងខេត្តស្របតាមសេចក្តីជូនដំណឹង របស់គណៈសង្ឃនាយកដែលបានជូនដំណឹងឱ្យគណៈសង្ឃខេត្ត ចុះសួរសុខទុក្ខព្រះសង្ឃតាមមូលដ្ឋានក្នុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាតជុំវិញសកលលោក ខណៈដែលប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំប្រារព្ឋពិធីផ្សេងៗ តាមប្រពៃណីទំនៀមទំលាប់ ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ និងដោយការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធានការ ការពារ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទៅក្នុងគ្រួសារ និងសហគមន៍។

ព្រះអង្គបន្តថា៖ ដោយសារតែមេរោកូវីដ-១៩ បានបណ្តាលឱ្យប៉ះពាល់ជីវភាពប្រជាពុទ្ធបរិស័ទទូទៅ និងមួយផ្នែកដល់សហគមន៍វត្តអារាមព្រះពុទ្ធសាសនាផងដែរ ដូច្នេះហើយបានជាសាលាគណខេត្ត បានត្រៀមស្បៀងអាហារខ្លះៗ​តាមលទ្ធភាពសម្រាប់ជួយដល់វត្តអារាមណាដែលខ្វះខាតចង្ហាន់ ហើយសង្ឃឹមថា ព្រះគ្រូអនុគណ និងសហការី លោកគ្រូចៅអធិការ តាមបណ្តាវត្តទាំងអស់ក្នុងស្រុកទាំងពីរនេះ ខិតខំយកព្រះទ័យទុកដាក់ខ្ពស់ទៅតាមតួនាទីជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដោយប្រតិបត្តិតាមធម៌វិន័យជាគោលធំចម្បងបំផុត ដើម្បីជួយទប់ស្កាត់ការរីករាល់ដាលនៃជំងឺឆ្លងនេះ និងពង្រឹងកម្មវិធីសិក្សា តាមបែបពុទ្ធិកសិក្សាឱ្យបានកាន់តែរីកចម្រើនទាំងបរិមាណ និងគុណភាពជារៀងរាល់ឆ្នាំ ។

ព្រះមេគណខេត្តសៀមរាប បានណែនាំឱ្យលោកគ្រូចៅអធិការគ្រប់វត្តទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសត្រូវអនុវត្តន៍ឱ្យបានល្អនូវវិធានការការពារកុំឱ្យឆ្លងមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ ព្រោះមេរោគនេះវាកាចសារហាវ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់នៅទូទាំងពិភពលោក និងបានណែនាំនិងហាមចំពោះការជួបជុំប្រារព្ឋពិធីសាសនាផ្សេងៗដែលមានរូបភាព និងលក្ខណៈប្រមូលផ្តុំមនុស្សច្រើន បើថ្ងៃឧបោសថសីលហើយដូនជីតាជីមកសមាទានសីលនៅក្នុងវត្ត ត្រូវរៀបចំការអង្គុយ និងការប្រាស្រ័យទាក់ទងនានា ត្រូវរក្សាគំលាតពីគ្នាយ៉ាងតិចមួយម៉ែត្រ សូមរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបង្កើនស្មារតីការពារតាមវិធាននានា ដែលក្រសួង សុខាភិបាលបានណែនាំ នេះជាពេលវេលាដែលយើងត្រូវរួមគ្នា ទប់ស្កាត់ និងកម្ចាត់ជំងឺនេះ យើងមិនត្រូវមើលស្រាលឬធ្វេសប្រហែស និងប្រមាថជាដាច់ខាត។

ក្នុងដំណើរសួរសុខទុក្ខនេះ ព្រះមេគណខេត្ត បានសម្ដែងការសាទរ ចំពោះក្រុមការងារដែលបានរៀបចំ ការងារនេះ និងផ្ដាំផ្ញើព្រះគ្រូអនុគណ និងព្រះចៅអធិការគ្រប់វត្ត បន្តពង្រឹងនូវការការពារ ជំងឺកូវីដ១៩ នេះបន្ថែមទៀត។ព្រះមេគណខេត្តក៏បានថ្លែងអំណរគុណដល់សប្បុរសជន ទាំងឡាយ ដែលជាការរួមចំណែកយ៉ាងសំខាន់ ជាមួយព្រះសង្ឃក្នុងឪកាសដ៏លំបាកនេះ។

ជាចុងក្រោយនៃដំណើរចុះសួរសុខទុក្ខនេះ ក្រុមការងារសាលាគណខេត្ត បានចុះទៅពិនិត្យ សាលាពុទ្ធិកបឋមសិក្សាវត្តវេឡុវ័ន្តគោកក្រោលដែលទើបបើកដំបូងក្នុងស្រុកស្រីស្នំ។ បើតាមថេរៈដីកា ព្រះវិមលសំវរភទ្ទកោ នឿម វុទ្ឋី ព្រះចៅអធិការវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត និងសមាជិកមន្ត្រីសង្ឃសាលាគណខេត្ត ដែលជាអ្នកទទួលបន្ទុកសម្រាប់ស្រុកទាំងពីរនេះបានបញ្ជាក់ថា៖ នេះជាលើកទី២ បន្ទាប់ពីវត្តនៅស្រុកវ៉ារិន្ទ ដែលក្រុមការងារសាលាគណខេត្តសៀមរាបបាននាំយក ស្បៀងអាហារនិងថវិកាមួយចំនួន ដើម្បីជួយសម្រួលភាពខ្វះខាតប្រចាំថ្ងៃដល់ព្រះសង្ឃ ហើយនាពេលខាងមុខនឹងបន្តនាំយកទៅប្រគេនដល់វត្ត តាមស្រុកនានាក្នុងខេត្តជាបន្តទៀត តាមរយៈទឹកចិត្តសប្បុរសធម៌ចូលរួមបរិច្ចាកពីប្រជាពុទ្ឋបរិស័ទមួយចំនួន។

ដូចជាពេលនេះថវិកាចំណាយទៅលើគ្រឿងឧបភោគបរិភោគ បានការចូលរួមពីព្រះសង្ឃក្នុងក្រុងសៀមរាប និងម្ចាស់ភោជនីយដ្ឋានមួយចំនួននៅក្បែរបារាយណ៍ទឹកថ្លា លោកជំទាវ ៗមួយចំនួនផងដែរ ដោយប្រមូលបច្ច័យបានប្រមាណជាជិត១០លានរៀល បានបែងចែកចំណាយទៅលើត្រីឆ្អើរ ត្រីប្រឡាក់ មី គ្រឿងទេស ទឹកស៊ីអ៊ីវ ទឹកត្រី ក្នុងមួយវត្តៗទទួលបាន ត្រីឆ្អើរ១០០ក្រាស់ ត្រីប្រឡាក់ ៣គ.ក្រ មី២កេស គ្រឿងទេស១កញ្ចប់ ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ និង ថវិកាមួយវត្ត ១០ម៉ឹនរៀល បន្ថែមពីនេះប្រគេនថវិកា៥០ម៉ឹនរៀល​ដល់សាលាអនុគណស្រុកនីមួយៗសម្រាប់ត្រៀមប្រើការចាំបាច់ក្នុងវត្តផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner