មន្ត្រីយោធាម្នាក់ ដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធមន្ត្រីយោធាម្នាក់ទៀត ខណៈនេះបានស្លាប់ហើយ ក្រោយកម្លាំងសមត្ថកិច្ចខេត្តឧត្តរមានជ័យ បើកការឡោមព័ទ្ធឃាត់ខ្លួន និងមានការបាញ់តដៃគ្នា នៅក្នុងពេលចុះបង្ក្រាប

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តឧត្តរមានជ័យ៖ សមត្ថកិច្ចខេត្តឧត្តរមានជ័យ បានបាញ់សម្លាប់មន្ត្រីយោធាម្នាក់ ដែលបានបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធមន្ត្រីយោធាម្នាក់ទៀត នៅក្នុងអង្គភាពជាមួយគ្នា ដែលការបាញ់នេះសមត្ថកិច្ចថា ដើម្បីការពារខ្លួន ក្នុងពេលកម្លាំងសមត្ថកិច្ចខេត្ត បើកប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យដៃដល់ ហើយជនសង្ស័យបានប្រើប្រាស់អាវុធ AK47 បាញ់តដៃសមត្ថកិច្ចវិញ នៅរសៀលថ្ងៃទី១២ឧសភាឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិកងទ័ព ឃុំបេង ស្រុកបន្ទាយអំពិល នៅជិតអង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៤ ក្នុងខេត្តឧត្តរមានជ័យ។

ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹង នៅរសៀលថ្ងៃទី១២ឧសភានេះថា មន្ដ្រីយោធាដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធមន្ត្រីយោធាដូចគ្នា ហើយរត់គេចខ្លួន ដោយស្ពាយកាំភ្លើងអាកា១ដើម ភ្ជាប់ជាគ្រាប់១២០គ្រាប់ ទៅជាមួយផងនោះ បានបាញ់តដៃជាមួយសមត្ថកិច្ច នៅក្នុងពេលសមត្ថកិច្ចចុះឃាត់ខ្លួន នៅក្នុងថ្ងៃនេះ។ លោកថា ដោយសារស្ថានភាពបែបនេះ សមត្ថកិច្ចបានសម្រេចបាញ់ការពារខ្លួនវិញ ជាលទ្ធផល យោធារូបនោះបានស្លាប់ នៅនឹងកន្លែង គឺនៅជិតអង្គភាពវរៈសេនាតូចអន្តរាគមន៍លេខ២៤៣ ចំណុះអង្គភាពកងពលតូចអន្តរាគមន៍លេខ៤ ក្នុងខេត្តឧត្តរមានជ័យ។

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ ចំណុះកងពលធំអន្តរាគមន៍លេខ២ លោកឧត្តមសេនីយ៍ទោ សន ស៊ា បានថ្លែងអោយដឹងថា ក្រោយការបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធមន្ត្រីយោធាម្នាក់ទៀត នៅក្នុងអង្គភាពជាមួយគ្នារួចមក ជនសង្ស័យបាននាំយកអាវុធ AK47 មួយដើម រួមនឹងគ្រាប់ ១២០គ្រាប់ភ្ជាប់ទៅជាមួយ។ លោកឧត្តមសេនីយ៍ បានចេញសេចក្តីជូនដំណឹងមួយច្បាប់ បានស្នើរអោយសមត្ថកិច្ចគ្រប់ស្ថាប័ន ជួយតាមឃាត់ខ្លួនជនសង្ស័យរូបនេះអោយខាងតែបាន។

សូមជម្រាបថា កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី១១ឧសភាឆ្នាំ២០២០ ជនសង្ស័យជាមន្ត្រីយោធាម្នាក់ ឈ្មោះ សឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ឋានៈនាយចំណង់ អត្តលេខ ០៧ ០៤ ៦២ បម្រើការងារនៅក្នុងអង្គភាព វរៈសេនាតូចអន្តរាគមន៍លេខ២៤៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៤ បានប្រព្រឹត្តបទឧក្រិដ្ឋ ដោយបាញ់សម្លាប់មនុស្សពីរនាក់ ម្នាក់ឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ ត្រូវជាប្រពន្ធជនសង្ស័យដៃដល់ និងម្នាក់ទៀត ឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ ជាប្រពន្ធមន្ត្រីយោធាដូចគ្នា រស់នៅក្នុងភូមិកងទ័ព និងភូមិកន្ទុយជូន ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល ដែលជាភូមិសាស្រ្តគ្រប់គ្រងរបស់កងទ័ព នៅជាប់នឹងអង្គភាព កងពលតូចអន្តរាគមន៍លេខ៤ ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីបានធ្វើសកម្មភាពបាញ់ជនរងគ្រោះ បណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុនោះមក ជនសង្ស័យបានរត់គេចខ្លួន ព្រមទាំងបាននាំយកកាំភ្លើងម៉ាក AK47 មួយដើម មានលេខ ៥៧៧១៧៦ និងគ្រាប់ចំនួន១២០គ្រាប់ ភ្ជាប់ទៅជាមួយផងទៀត។ ក្រោយការផ្ទុះអំពើឃាតកម្មដ៏សាហាវនេះ មេបញ្ជាការអង្គភាព បានស្នើអោយសមត្ថកិច្ច មានការប្រុងប្រយ័ត្ន នៅពេលជួបជនសង្ស័យខាងលើនេះ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកផ្តន្ទាទោសតាមច្បាប់។

ដើមចមដែលនាំអោយផ្ទុះការបាញ់ប្រហារ មកលើជនរងគ្រោះទាំងពីរនេះ អ្នកភូមិផងរបងជាមួយ បានបង្ហើបអោយដឹងថា នៅមុនកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ មានការប្រកែកពាក្យសំដីគ្នាបន្តិចបន្តួច ហើយប្រពន្ធជាជនរងគ្រោះ បានកាប់ជនសង្ស័យមួយកាំបិតចំក្បាល ជនសង្ស័យខឹង ក៏បានទាញយកកាំភ្លើងអាកា មកបាញ់ប្រពន្ឋខ្លួន បណ្តាលអោយស្លាប់ភ្លាមៗ។ ក្រោយឃើញហេតុការណ៍នេះ ប្រពន្ធមន្ត្រីយោធាម្នាក់ទៀត បានរត់ទៅជួយ ក៏ត្រូវជនសង្ស័យបាញ់ស្លាប់ នៅក្នុងពេលនោះតែម្តង ៕ធ.ដ

ដោយ៖ ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner