នាយករដ្ឋមន្រ្តីអង់គ្លេសនិយាយថា ពិភពលោកនឹងរស់នៅជាមួយ COVID-19 ជាច្រើនឆ្នាំទៅមុខទៀត បើសិនជាគ្មានវ៉ាក់សាំងការពារ
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានបញ្ជាក់ថា ពិភពលោកអាចនឹងត្រូវរស់នៅជាមួយជម្ងឺCOVID-19 ជាច្រើនឆ្នាំតទៅមុខទៀត ហើយលោកបានសារភាពថា លោកមិនអាចធានាថា វ៉ាក់សាំងដ៏មានប្រសិទ្ធភាព នឹងត្រូវបានបង្កើតឡើងនាពេលឆាប់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតជាសកលមួយនេះនោះទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។
ការកត់សម្គាល់បែបនេះរបស់លោក ចនសុន ត្រូវបានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលអង់គ្លេស បានបន្តដាក់បម្រាមទៅលើគ្រប់ប្រភេទកីឡាទាំងអស់មិនឲ្យធ្វើសកម្មភាពរហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដោយសារតែបញ្ហាជំងឺ COVID-19 នៅពុំទាន់ថមថយចុះនៅឡើយនោះ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ លោក បូរីស ចនសុន បានលើកឡើងនៅថ្ងៃចន្ទនេះថា ព្រឹត្តិការណ៍កីឡាទាំងឡាយនឹងត្រូវបន្តផ្អាក បើទោះបីជាប្រកួតបិទទ្វារក៏ដោយ ដើម្បីបញ្ចៀសការជួបជុំ ហើយថា ការបើកកន្លែងទាំងនេះ ចៀសមិនផុតឡើយពីការប្រមូលផ្តុំមនុស្ស ៕