កូរ៉េខាងត្បូងសម្រេចអូសបន្លាយពេលបិទសាលារៀន ក្រោយផ្ទុះករណីឆ្លងជម្ងឺ COVID-19 ជាចង្កោមនៅក្នុងរដ្ឋធានីសេអ៊ូល
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងត្បូង៖ ដោយសារព្រួយបារម្ភអំពីការកើនឡើង នៃករណីឆ្លងជាចង្កោមថ្មីៗចេញពីតាមក្លឹបកម្សាន្តនៅសង្កាត់ Itaewon ក្នុងរដ្ឋធានី សេអ៊ូល នោះ អាជ្ញាធរកូរ៉េខាត្បូង នៅថ្ងៃចន្ទនេះ បានអូសបន្លាយពេលបើកសាលារៀនឡើងវិញរយៈពេលមួយសប្តាហ៍ទៀត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ។
ពីដំបូងឡើយសិស្សប្រលងថ្នាក់បាក់ឌុប នឹងអាចចូលសាលារៀនវិញនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែក្រសួងអប់រំបានសម្រេចពន្យារពេលមួយសប្តាហ៍ទៀត ពោលគឺរហូតដល់ថ្ងៃទី២០ ខែឧសភាខាងមុខ នេះបើតាមក្រសួងអប់រំកូរ៉េខាងត្បូង ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូង បើបូកបញ្ចូលទាំងករណីឆ្លងថ្មីជាចង្កោមថ្មីៗនេះ ចំនួនអ្នកឆ្លងសរុបកើនឡើងដល់១ម៉ឺន៩៣៦ករណី ក្នុងនោះមានអ្នកជម្ងឺ២៥៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ពាន់៦៧០នាក់ ៕