ក្រសួងយុត្តិធម៌បង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង តាមសាលាដំបូងរាជធានី-ខេត្ត
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការដឹក នាំយុទ្ធនា ការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត (គ.យ.ក.ស.)ដែលមាន ឯកឧត្តម កើត រិទ្ធ ជាប្រធានដឹកនាំរួម។ យោងតាមសេចក្ដីសម្រេច របស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០ គណៈកម្មការ គ.យ.ក.ស មានភារកិច្ច ដូចជា ៖
ទី១-ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី ខេត្ត។
ទី២-ដាក់ចេញនូវគោលការណ៍ណែនាំ វិធានការនានា និងផែនការសកម្មភាព ចាំបាច់ដើម្បីអនុវត្តន៍យុទ្ធនាការ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែក លើកម្ពស់ សមត្ថភាព ស្ថាប័ន ក្នុងការបម្រើ សេវាយុត្តិធម៌ឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ។
ទី៣-ដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈម នានាដែលកើតចេញពីការអនុវត្តន៍យុទ្ធនាការ និងទី៤-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធនាការ ៕