អង្គការសហប្រជាជាតិបញ្ជាក់ថា មនុស្សច្រើនជាង១៤៩នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបាត់ខ្លួន ខណៈមីយ៉ាន់ម៉ានៅតែស្ថិតក្រោមស្ថានភាពចលាចល
ស្វីស៖ អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះធ្វើការរិះគន់ធ្ងន់ៗចំពោះការកើនឡើងនៃអ្នកស្លាប់ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីផ្ទុះរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ហើយបានព្រមានថា ក្រុមអ្នកតវ៉ាដែលត្រូវបានចាប់ខ្លួនកំពុងប្រឈមមុខនឹងការធ្វើទារុណកម្ម ហើយមនុស្សរាប់រយនាក់បានបាត់ខ្លួន ។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី រ៉ាវីណា ហ្សេមដាសានី (Ravina Shamdasani) បានប្រាប់អ្នកសារព័ត៌មានថា ចំនួនអ្នកស្លាប់បានកើនឡើងខ្លាំងកាលពីសប្តាហ៍មុនក្នុងប្រទេសមីយ៉ាន់ម៉ា ជាទីដែលកងសន្តិសុខបានប្រើប្រាស់កម្លាំងដ៏ឃោរឃៅកាន់តែខ្លាំងឡើង ប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី ។ បន្ថែមពីលើរបាយការណ៍នៃការស្លាប់ លោកស្រី ហ្សេមដាសានី ក៏បានព្រមានដែរថា កងកម្លាំងសន្តិសុខក៏បាននិងកំពុងបន្តចាប់ខ្លួន និងឃុំខ្លួនមនុស្សនៅទូទាំងប្រទេសផងដែរ ដោយមានមនុស្សយ៉ាងតិច២ពាន់៨៤នាក់កំពុងត្រូវបានឃុំខ្លួន ហើយថា របាយការណ៍គួរអោយព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្វើទារុណកម្មនៅក្នុងមន្ទីរឃុំឃាំងក៏បានលេចចេញមកដែរ ។
គួរបញ្ជាក់ថា បើតាមសមាគមន៍ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) មានមនុស្សប្រមាណជាង១៨០នាក់ហើយបានបាត់បង់ជីវិត នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា ក្នុងនោះមានមនុស្ស៧៤នាក់ត្រូវបានសម្លាប់នៅក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ ៕ ប្រភព៖ AFP


