កូរ៉េខាងជើងនិយាយថា ខ្លួននឹងផ្តាច់ទំនាក់ទំនងជាមួយម៉ាឡេស៊ី ដោយសារតែការធ្វើបត្យាប័នពលរដ្ឋខ្លួនទៅសហរដ្ឋអាមេរិក
កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅថ្ងៃសុក្រនេះប្រកាសថា ខ្លួននឹងផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី បន្ទាប់ពីតុលាការប្រទេសនេះ បានធ្វើបត្យាប័នពលរដ្ឋកូរ៉េខាងជើងទៅកាន់សហរដ្ឋអាមេរិក ដែលប្រឈមនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់ ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ខ្លួន KCNA បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមីនាកន្លងមកនេះ អាជ្ញាធរម៉ាឡេស៊ីបានប្រព្រឹត្តបទឧក្រិដ្ឋមិនអាចលើកលែងឱ្យបាន… ក្នុងការបញ្ជូនពលរដ្ឋស្លូតត្រង់របស់កូរ៉េខាងជើងទៅសហរដ្ឋអាមេរិក ។ ជុំវិញបញ្ហានេះដែរ ក្រសួងការបរទេសកូរ៉េខាងជើងនឹងប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ីទាំងស្រុង ដោយរិះគន់អ្វីដែលខ្លួនហៅថា សកម្មភាពអរិភាពដែលបានប្រព្រឹត្តប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ស្ថិតក្រោមសម្ពាធរបស់អាមេរិក ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា បុរសជនជាតិកូរ៉េខាងជើងឈ្មោះ មុន ឈុល ម្យុង បានចាញ់ក្តីចុងក្រោយនៅឯតុលាការកំពូលរបស់ម៉ាឡេស៊ី ប្រឆាំងនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់ ។ លោក មុន ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ីមួយទសវត្សរ៍ជាមួយក្រុមគ្រួសាររបស់គាត់ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៩ បន្ទាប់ពីមានការស្នើសុំធ្វើបត្យាប័នពីទីក្រុងវ៉ាស៊ីនតោន ៕ ប្រភព៖ Reuters


