ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ និងកម្លាំងអាជ្ញាធរខណ្ឌ ចុះយកសំណាកជូនប្រជាពលរដ្ឋ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ នៃនាយកដ្ឋានជំងឺឆ្លង ក្រសួងសុខាភិបាល សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ លោក គឹម កល្យាណ អធិការរងខណ្ឌមានជ័យ និងអាជ្ញាធរសង្កាត់បឹងទំពន់ទី១ លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ និងលោក ឈឺ ចំរើន នាយប៉ុស្តិ៍បឹងទំពន់ទី១ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងសង្កាត់ បានធ្វើការបិទផ្លូវលេខ៣៣BT មុខវត្តសន្សំកុសល ដើម្បីអោយក្រុមគ្រូពេទ្យ ចុះមកពិនិត្យនិងយកសំណាកជាលើកទី០១ ជូនប្រជាពលរដ្ឋស្នាក់នៅចំនួន៣ទីតាំង ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

ការចុះយកសំណាកនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំងឺកូវីដ១៩ ត្រូវបានរកឃើញនៅម្តុំវត្តសន្សំកុសល ស្ថិតក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ អំឡុងពេលដែលរថយន្តសាម៉ុយរបស់ក្រុមគ្រូពេទ្យ ចុះទៅទទួលអ្នកជំងឺទាំងនោះ ដើម្បីយកទៅព្យាបាលជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានទៅយកអ្នកជំងឺម្នាក់ រួចមកហើយលុះក្រោយការធ្វើតេស្តសំណាករកឃើញថា អ្នកវិជ្ជមានវីរ៉ុសកូវីដ១៩ ក៏បន្តចុះយកនាព្រឹកថ្ងៃទី១៧ ខែមីនា រួចបញ្ចូនទៅព្យាបាលនៅសណ្ឋាគារ The Great Duke ស្ថិតក្នុងសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង (អតីត សណ្ឋាគារអាំងទែរកុងទីណង់តាល់ )។

បើយោងតាមរបាយការណ៍របស់នគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ការចុះពិនិត្យនិងយកសំណាកលើកទី០១ ជូនប្រជាពលរដ្ឋទាំង៣ទីតាំងនេះមាន ទីតាំងទី១៖ បន្ទប់ជួល៤០បន្ទប់ ស្ថិតនៅផ្ទះលេខ៩B ផ្លូវលេខ៣៣BT (ផ្លូវមុខវត្តសន្សំកុសល) ក្រុម១ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ មូលហេតុ ដោយពួកគាត់មានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយ អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន(០៤នាក់) ដូចជា ១.ឈ្មោះ ម៉ុង សីហា ភេទប្រុស អាយុ២២ឆ្នាំ, ២.ឈ្មោះ ស៊ន នីន ភេទប្រុស អាយុ៣០ឆ្នាំ, ៣.ឈ្មោះ យឹម មន ភេទប្រុស អាយុ២៧ឆ្នាំ, ៤.ឈ្មោះ យឹម សំរេច ភេទប្រុស អាយុ៣០ឆ្នាំ ។ បច្ចុប្បន្នអ្នកជម្ងឺទាំង៤នាក់នេះ កំពុងសម្រាកព្យាបាលនៅ សណ្ឋាគារ The Great Duke ។

ទីតាំងទី២៖ បន្ទប់ជួល ស្ថិតនៅផ្ទះលេខ២៩៥ ផ្លូវ៥១BT ក្រុម៥ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ មូលហេតុ ដោយពួកគាត់ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានកូវីដ-១៩ ចំនួន(០២នាក់) ដូចជា ១.ឈ្មោះ ពិន នាត ភេទប្រុស អាយុ២៧ឆ្នាំ, ២.ឈ្មោះ យ៉ាន សុភស្ត ភេទប្រុស អាយុ២៥ឆ្នាំ ។ បច្ចុប្បន្នអ្នកជម្ងឺទាំងពីរនាក់កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ ។

ទីតាំងទី៣៖ ផ្ទះលក់គ្រឿងសមុទ្រអាំងយីហោ “ស្រីទីន ភូមិ៦ លក់គ្រឿងសមុទ្រអាំង” ស្ថិតនៅផ្ទះលេខ២៤៤ ផ្លូវ២៧១ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ មូលហេតុ ដោយពួកគាត់មានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយ អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន(០១នាក់) ឈ្មោះ រស់ ស្រីណុច ភេទស្រី ។ បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះ កំពុងសម្រាកព្យាបាលនៅ សណ្ឋាគារ The Great Duke ។

សកម្មភាពពិនិត្យនិងយកសំណាករបស់ក្រុមគ្រូពេទ្យ បានបញ្ចប់ កាលពីវេលាម៉ោង០៨:០០នាទីយប់ថ្ងៃដដែល ជាលទ្ធផលក្នុងការពិនិត្យនិងយកសំណាកទាំង៣ទីតាំង សរុបចំនួនមនុស្សបាន៨៤នាក់ (ស្រី៣៦នាក់), ក្នុងនោះទីតាំងទី១ បានចំនួន៥៦នាក់ (ស្រី២៣នាក់), និងទីតាំងទី២ បានចំនួន១៩នាក់ (ស្រី០៩នាក់), ទីតាំងទី៣ បានចំនួន០៩នាក់ (ស្រី០៤នាក់)។

បច្ចុប្បន្ននេះ ក្រោយពីបានពិនិត្យនិងយកសំណាករួចសព្វគ្រប់ ចំពោះសមាជិកគ្រួសារ ដែលរស់នៅជាមួយ ឬអ្នក ដែលបានប៉ះពាល់ ផ្ទាល់ ឬ ប្រយោលជាមួយ អ្នកជំងឺទាំងអស់ ក្រុមគ្រូពេទ្យតម្រូវអោយធ្វើចត្តាឡីស័ក នៅតាមបន្ទប់ផ្ទះដែលស្នាក់នៅរៀងៗខ្លួនសិន ដើម្បីរង់ចាំលទ្ធផលសំណាក ដោយចាំបាច់មានកងកម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌនិងសង្កាត់ចូលរួមការពារពង្រឹងសន្តិសុខនៅតាមលំនៅឋាន ឬ បន្ទប់ផ្ទះជួលរបស់អ្នក ដែលយកសំណាកទាំងអស់ខាងលើនេះផងដែរ។

ដោយឡែក៣ទីតាំងទៀត មានបន្ទប់ជួល ស្ថិតនៅក្រោយធនាគារ ANZ ROYAL ភូមិក្បាលទំនប់ ក្នុងសង្កាត់បឹងទំពន់ទី២ និងក្នុងស្ទឹងមានជ័យទី១ ចំនួន២ទីតាំង ទី១ នៅបន្ទប់លេខ4D ផ្ទះលេខ១១៤៦ បេតុង ក្រុមទី៤ ភូមិមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ និងនៅផ្ទះលេខ២៣០ ក្រុមទី៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ដែលទីតាំងទាំង៣ ក្នុងសង្កាត់បឹងទំពន់ទី២ និងសង្កាត់ស្ទឹងមានជ័យទី១ ឃើញកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌមានជ័យ ចូលរួមការពារពង្រឹងសន្តិសុខ និងមិនទាន់ទទួលបានរបាយការណ៍ពីអាជ្ញាធរនៅឡើយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner