អ្នកជំនាញអប់រំកុមារយល់ថា ម្ដាយឪពុកជាបុគ្គលសំខាន់ជួយបណ្ដុះទម្លាប់អានដល់កូន

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ អ្នកជំនាញអប់រំកុមារមានយល់ឃើញថា ដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងសមត្ថភាពរបស់កុមារឱ្យកាន់តែប្រសើរឡើង ម្ដាយឪពុកជាបុគ្គលសំខាន់ជួយបណ្ដុះទម្លាប់អានដល់កូន។ ការលើកឡើងនេះ នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញនៃកម្មវិធីសប្ដាហ៍សៀវភៅ ក្រោមប្រធានបទ “អំណាន និងកុមារតូច” រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា កាលល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

លោកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌលអប់រំកុមារតូចស៊ីជីដាកម្ពុជា មានប្រសាសន៍ថា “ដើម្បីបណ្ដុះទម្លាប់អានរបស់ក្មេងតូច ទីមួយ ឪពុកម្ដាយត្រូវជួយកូនឱ្យមា​ន​គំនិត​ច្នៃប្រឌិតតាមរយៈការអានសៀវភៅ, ទីពីរម្តាយមានទម្លាប់អានសៀវភៅជួយឱ្យ​ទារកឱ្យមាន IQ ខ្ពស់តាំងពីនៅក្នុងផ្ទៃម្តាយ, ទីបី ឪពុកម្ដាយត្រូវចំណាយពេ​ល​អប់រំកូននៅផ្ទះជួយអានឱ្យកូនស្ដាប់ និងបង្រៀនកូនឱ្យចូលចិត្តអាន ដើម្បីឱ្យកូនមានសមត្ថភាពទទួលចំណេះដឹងបានលឿន”។

លោកស្រី សរ ម៉ុន្ថា បានលើកឡើងបន្តថា ឪពុកម្ដាយត្រូវមានឆន្ទៈក្នុងការបណ្ដុះទម្លាប់អានដល់កូនដោយចំណាយពេលវេលាអានសៀវភៅជាមួយកូន ផ្ដល់ក្ដីស្រ​លាញ់ឥតលក្ខខណ្ឌដល់កូន ចេះលើកទឹកចិត្តកូន និងសរសើរកូនដើម្បីធ្វើឱ្យកូនមានការទម្លាប់អាន ស្រឡាញ់ការអាន ធ្វើឱ្យកូនមានទំនាក់ទំនងល្អជាមួយម្ដាយ កូនមានគំនិតវិជ្ជមាន ចេះស្ដាប់បង្គាប់ ចេះចែករំលែក មានគុណធម៌ និងកូនចេះជួយជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គម។ “យើងជាឪពុកម្ដាយមិនត្រឹមតែចិញ្ចឹមកូននោះទេ តែយើងកំពុងតែចិញ្ចឹមពលរដ្ឋល្អម្នាក់ដើម្បីជួយសង្គមជាតិនាថ្ងៃអនាគតឪ្យមានការរីកចម្រើន” លោកស្រី សរ ម៉ុន្ថា។

ចំណែកលោក ឆន ឈាង ប្រធានការិយាល័យផ្នែកមត្តេយ្យសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងថា កូនមិនចូលចិត្តអានអាចបណ្ដាមកឪពុកម្ដាយមិនចូលចិត្តអាន ដោយសារកូនមើលឃើញគម្រូតាមរយៈឪពុកម្ដាយ។

លោក ឆន ឈាង “ទោះជាឪពុកម្ដាយមិនចូលចិត្តអាន តែក៏អាចណែនាំកូនឱ្យចូលចិត្តអានបានដែរ បន្ទាប់ពីឪពុកម្ដាយយល់ដឹងពីសារៈសំខាន់នៃការអានតាមរយៈវាគ្មិន ឬចូលរួមកម្មវិធីផ្សព្វផ្សាយផ្សេងៗ។ ឪពុកម្ដាយត្រូវចាប់ផ្ដើមបណ្ដុះទម្លាប់អានរបស់កូនចាប់ពីពេលនេះ ចំណាយពេលជាមួយកូន ចំណាយថវិកាទិញសៀវភៅឱ្យកូនអាន និងរកអ្នកជំនាញជួយកុមារឱ្យមានទម្លាប់អាន”។

សូមបញ្ចាក់ថា កម្មវិធីសប្ដាហ៍សៀវភៅក្រោមប្រធានបទ “អំណាន និងកុមារតូច” នៃទិវាជាតិអំណានសម្រាប់ឆ្នាំ ២០២១ មានការចូលរួមពិភាក្សាពីវាគ្មិនសំខាន់ៗរួមមាន អ្នកគ្រូ ខូយ រ៉ានី, លោកគ្រូ ឆន ឈាង, លោក សុ វចនា, លោកស្រី នាង សុវ៉ាតនា (Dj NaNa) សម្របសម្រួលកម្មវិធីដោយកញ្ញា គឹម ឌីណា។ ខ្លឹមសារពិភាក្សាផ្តោតលើទម្លាប់នៃការអានរបស់ក្មេងតូច និងការបណ្ដុះទម្លាប់អានដល់កុមារក្នុងនាមជាឪពុកម្ដាយ និងអ្នកជំនាញក្មេងតូច៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner