ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យបញ្ឈប់ការប្រើពាក្យសម្តីស្អប់ខ្ពើមនៅទូទាំងសកល ស្របពេលមានការរាតត្បាតពី COVID-19
សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃសុក្រនេះថ្លែងថា វីរុសកូរ៉ូណាដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតែបន្តបង្កជារលកស៊ូណាមិនៃការស្អប់ខ្ពើម ការរើសអើងជនបរទេស និងការបំភិតបំភ័យ ហើយលោកសូមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការស្អប់ខ្ពើមនៅទូទាំងពិភពលោក នេះបើតាមសារព័ត៌មាន CGTN នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។
លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានសង្កត់ធ្ងន់ថា មនោគមន៍វិជ្ជាស្អប់ខ្ពើមជនបរទេសបានកើនឡើងនៅតាមប្រព័ន្ធអ៊ីនធើណិត និង នៅតាមផ្លូវ ជាពិសេសការរាតត្បាតនៃវីរុស COVID-19 បង្កជាការវាយប្រហារប្រឆាំងនឹងជនម៉ូស្លីមបានកើតឡើង ។
ទន្ទឹមគ្នា ប្រមុខអង្គការសហប្រជាជាតិរូបនេះថែមទាំងបានទទូចឱ្យមនុស្សគ្រប់គ្នា គ្រប់ទីកន្លែងក្រោកឈរឡើងដើម្បីប្រឆាំងនឹងការស្អប់ខ្ពើម និងរាប់អានគ្នាដោយសេចក្តីថ្លៃថ្នូរ ក៏ដូចជាចាប់យកឱកាសសម្រាប់ការបង្ហាញសេចក្តីសប្បុរស ៕ធ.ដ