អង្គការ WHO ជំរុញប្រទេសនានាត្រៀមខ្លួនអោយឆាប់រហ័ស ដើម្បីឆ្លើយតបនឹង COVID-19 មុនពេលចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត
ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃសុក្រនេះបានលើកឡើងថា ប្រទេសនានាដែលដកការរឹតត្បិត និងបើកដំណើរការសេដ្ឋកិច្ចរបស់ពួកគេវិញ គួរតែត្រៀមខ្លួនដើម្បីកំណត់ករណីឆ្លង COVID-19 ឱ្យបានឆាប់រហ័ស បើសិនពួកគេចង់ងើបឡើងវិញ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ។
លោកស្រីវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ ឃើខូវ ប្រធានបច្ចេកទេសដឹកនាំការឆ្លើយតប COVID-19 នៃកម្មវិធីសុខភាពរបស់អង្គការសុខភាពពិភពលោក WHO បានថ្លែងក្នុងសន្និសិទកាសែតមួយថា លោកស្រីគិតថា យើងនឹងស្ថិតក្នុងស្ថានភាពមួយ ដែលយើងត្រូវការដកចេញវិញនូវវិធានការមួយចំនួន ប៉ុន្តែជាមួយគ្នានេះ ក៏ត្រូវត្រៀមខ្លួនអោយបានឆាប់រហ័សផងដែរ ដើម្បីឆ្លើយតបនឹងករណីឆ្លងវីរុសនេះ ។
ការកត់សម្គាល់បែបនេះរបស់លោកស្រីវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ ឃើខូវ ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសជាច្រើន ក្នុងនោះរួមមានទាំងនៅតំបន់អឺរ៉ុប និងអាស៊ី បានចាប់ផ្តើមបន្ធូរបន្ថយការអនុវត្តន៍វិធានការរឹតត្បិតក្នុងសង្គម និងបើកដំណើរការការប្រកបអាជីវកម្មឡើងវិញ ស្របពេលពួកគេមើលឃើញពីការថមថយចុះករណីឆ្លង និងស្លាប់ដោយសារ COVID-19 ៕ធ.ដ