ថៃនឹងបង្កើនការធ្វើតេស្តរកវីរុស COVID-19 បន្ថែមទៀត ចំពេលករណីឆ្លងកាន់តែថមថយចុះ

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ ប្រទេសថៃ នៅថ្ងៃសុក្រម្សិលមិញ បានរាយការណ៍ពីអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០៨ករណីថ្មីទៀត ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ ដែលប្រកាសនេះនាំឱ្យតួលេខសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេសកើនឡើងដល់៣ពាន់ករណី និងអ្នកជម្ងឺស្លាប់សរុប៥៥នាក់ ចាប់តាំងពីវីរុសនេះចាប់ផ្តើមរាតត្បាតនៅថៃ កាលពីខែ មករា កន្លងមក នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។

អ្នកនាំពាក្យនៃមជ្ឈមណ្ឌលសម្រាប់ការតាមដានជម្ងឺ COVID-19 របស់ថៃ បាននិយាយថា រដ្ឋាភិបាលគ្រោងបង្កើនការធ្វើតេស្តរកវីរុសនេះលើមនុស្សចាប់ពី២៣ម៉ឺននាក់ដល់ប្រមាណ៤០ម៉ឺននាក់ ដែលនេះជាចំនួនមធ្យមសម្រាប់ប្រទេសថៃដែលមានប្រជាជនរហូត៦៦.៥លាននាក់ ។

អាជ្ញាធរក៏នឹងផ្តល់ការធ្វើតេស្តសម្រាប់អ្នកធ្វើការដែលមានហានិភ័យខ្ពស់ ដូចជា បុគ្គលិកពេទ្យ បុគ្គលិកសន្តិសុខ ពលករចំណាកស្រុក អ្នកបើកបររថភ្លើង និងរថយន្តក្រុង ព្រមទាំងអ្នកដឹកជញ្ជូនទំនិញជាដើម ប៉ុន្តែនឹងមិនមានតេស្តភ្លាមៗសម្រាប់ពលរដ្ឋទូទៅទេ ។

សូមជម្រាបថា ករណីឆ្លងថ្មីនៃវីរុស COVID-19 នៅក្នុងប្រទេសថៃបានថយចុះចាប់តាំងពីខែមេសាកន្លងមក ដែលធ្វើឲ្យអាជ្ញាធរថៃកំពុងពិចារណាអំពីការបន្ធូរបន្ថយវិធានការរឹតត្បិតដំណាក់កាលទី២ទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner