ច្រកទ្វារតំបន់ចំនួន៣របស់ខេត្តបាត់ដំបង ជាប់ព្រំដែនថៃស្ថិតក្នុងស្រុកសំឡូត ស្រុកកំរៀង និងស្រុកភ្នំព្រឹក និងបើកឲ្យដំណើរការប្រក្រតីឡើងវិញ

រដ្ឋបាលខេត្តបាត់ដំបង នៃ ព្រះរាជាណាចក្រកម្ពុជា ខេត្តច័ន្ទបុរីនិងខេត្តត្រាត នៃព្រះរាជាណាចក្រថៃ បានឯកភាពគ្នាជាគោលការណ៍ដោយកំណត់ក្នុងការបន្ធូរបន្ថយបើកនូវច្រកទ្វារតំបន់ ចំនួន៣ឡើងវិញដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកខេត្តខាងលើរបស់ខ្លួន ដោយក្នុងនោះរួមមាន៖ ច្រក៤០០ស្ថិតក្នុងស្រុកសំឡូត, ច្រកអូរអន្លក់ (ស៊ួនស៊ុ)ស្ថិតក្នុងស្រុកកំរៀង និង ច្រកអូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក ហើយច្រកទ្វារតំបន់ទាំង៣ខាងលើនេះគ្រោងនិងចាប់បើកឲ្យដំណើរការប្រក្រតីឡើងវិញ។

នេះបើយោងលើលិខិតឆ្លើយតបផ្លូវការ របស់រដ្ឋបាលខេត្តបាត់ដំបង ចំនួន២ច្បាប់ ដោយឡែកពីគ្នាលេខ ៦០៥-៦០៦/២១សជណចុះថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១ ចុះហត្ថលេខាដោយឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ថ្មីៗនេះ។

ការបន្ធូរបន្ថយ និងចាប់បើកឲ្យដំណើរការ នូវច្រកទ្វារតំបន់ទាំង៣ខាងលើ ដែលភាគី ខេត្តបាត់ដំបង(កម្ពុជា) ភាគីខេត្តត្រាត និងខេត្តច័ន្ទបុរី (ថៃ) បានឯកភាពគ្នានេះ និងបន្ទាប់ពីមានការឯកភាព ពីថ្នាក់ដឹកនាំនៃប្រទេសទាំង២។ហើយការបិទច្រកតំបន់ទាំង៣នៃខេត្តទាំង៣ ខាងលើកន្លងមកនេះ ដោយសារតែមានការរីករាលដាលជាសកលនិងរាតត្បាតពីជម្ងឺឆ្លងកូវីដ-19 ដែលបង្កធ្វើឲ្យប៉ះពាល់ដល់ការឆ្លងនិងការចម្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ បានយ៉ាងឆាប់រហ័សដែលតម្រូវឲ្យប្រទេសនីមួយៗកំណត់យកវិធានការការពារក្នុងការទប់ស្កាត់នូវជម្ងឺឆ្លងជាសកលកូវីដ-19 កុំឲ្យចូលប្រទេសរបស់ខ្លួន តាមរយៈអ្នកធ្វើដំណើរចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារតំបន់ព្រំដែន ស្ថិតក្នុងដែនភូមិសាស្ត្រ នៃខេត្តនីមួយៗរបស់ខ្លួន។ ដោយឡែក ក្នុងចំណោមច្រកតំបន់ទាំង៣ របស់ ខេត្តរួមមាន៖ ច្រក៤០០ ស្ថិតក្នុងភូមិឆករកា ឃុំសំឡូត ខេត្តបាត់ដំបង ទល់និងច្រកទ្វារព្រំដែន “បានម៉ាក់មួង”ភូមិម៉ាក់មួង ឃុំនុនរី ស្រុកបរ៉ៃ ខេត្តត្រាត(ថៃ)ដោយច្រកនេះបានផ្អាកបណ្តោះអាសន្នមិនឲ្យដំណើរការ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២0។ច្រកទ្វារព្រំដែនអូរអន្លក់(ស៊ួនស៊ុ)ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបងទល់និងច្រកតំបន់សួនស៊ុ ស្រុកសយដាវ ខេត្តច័ន្ទបុរី (ថៃ) និងច្រក
ទ្វារតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងទល់និងព្រំដែនច្រកទ្វារតំបន់”បានសាប៎តារី” ស្រុកសយដាវ ខេត្តច័ន្ទបុរី (ថៃ) ហើយច្រកទ្វារតំបន់ទាំង
២ខាងលើនេះបានបិទផ្អាកបណ្តោះអាសន្នកាលពីថ្ងៃទី២១ខែមីនាឆ្នាំ២០២០ កន្លងទៅនេះ។

នៅក្នុងលិខិតឆ្លើយតបនិងជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ(ខេត្តបាត់ដំបង-ច័ន្ទបុរី និងខេត្តបាត់ដំបង-ខេត្តត្រាត)។ រដ្ឋបាលខេត្ត ក៏បានឯកភាពលើការបន្ធូរបន្ថយបើក នូវ ច្រកទ្វារតំបន់ទាំង៣ ខាងលើសម្រាប់ឲ្យតែរថយន្តដឹកទំនិញចេញចូលឆ្លងកាត់ព្រំដែនដោយកំណត់ក្នុងរថយន្ត១គ្រឿងអនុញ្ញាតឲ្យមានចំនួនមនុស្ស០២នាក់ ដែលត្រូវធ្វើការវាស់កម្តៅ ត្រួតពិនិត្យសុខភាព មិនអនុញ្ញាតិឲ្យមនុស្សចាកចេញពីរថយន្តរបស់ខ្លួនឡើយ។ចំពោះទីតាំងដែលត្រូវធ្វើការដោះដូរទំនិញនិងលើកដាក់ទំនិញត្រូវធ្វើឡើងក្នុងបរិវេណច្រកទ្វារព្រំដែននីមួយៗ។
ការដឹកទំនិញចេញចូលនិងឆ្លងកាត់ច្រកទ្វារព្រំដែនគិតចាប់តាំងពីម៉ោង៨,០០នាទីព្រឹក ដល់ម៉ោង១៧,០០នាទីល្ងាច។ចំពោះរថយន្តភាគីកម្ពុជាមិនឲ្យលើសពី៣ម៉ោង និងរថយន្តភាគីថៃ មិនឲ្យលើសពី៧ម៉ោង ដោយគិតត្រឹមរយៈពេលរថយន្តចូលដល់ច្រកទ្វារព្រំដែន។ ទន្ទឹមជាមួយគ្នានេះផងដែរគ្រប់សមត្ថកិច្ចនៃភាគីទាំង២ តាមច្រកទ្វារព្រំដែនត្រូវគោរពនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានតឹងរ៉ឹងម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់ពីការឆ្លងនិងការចម្លង នៃជម្ងឺឆ្លងកូវីដ-19។

ដោយឡែក នៅវេលាម៉ោង១២,៤០នាទីថ្ងៃទី២២ខែមីនាឆ្នាំ២០២១នេះ លោក នាង ច័ន្ទថារ៉ាប្រធានច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានគូសបញ្ជាក់ឲ្យដឹងថា៖ នៅព្រឹកថ្ងៃនេះខាងភាគី(ថៃ-កម្ពុជា)នៃច្រកទ្វារតំបន់របស់លោក បានធ្វើតេស្តដំណើរការសាកល្បងពីនីតិវិធីបែបបទនៃការបំពេញឯកសារចេញចូលតាមច្រករបស់ខ្លួន ដើម្បីត្រៀមបើកឲ្យដំណើការពេញលេញ នៅថ្ងៃទី ២៣ខែមីនាឆ្នាំ២០២១ តាមគោលការណ៍កំណត់ជាក់លាក់ ពីអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងនិងខេត្តពាក់ព័ន្ធរបស់ភាគីថៃ ដែលបានឯកភាពគ្នា កាលពីពេលថ្មីៗកន្លងទៅនោះ។ដោយឡែកនៅច្រកទ្វារព្រំដែននៃច្រកតំបន់៤០០ ក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង ជាមួយនិងច្រកព្រំដែនស្រុកបរ៉ៃ ខេត្តត្រាត របស់ថៃបើតាមការគូសសបញ្ជាក់បន្ថែមពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ សម្រាប់ច្រកអ្វារតំបន់៤០០ នៅស្រុកសំឡូត មិនទាន់ចាប់ដំណើរការទេ ដោយសារតែខាងភាគីនៃស្រុកទាំង២(កម្ពុជា-ថៃ) នៅមិនទាន់មានការជួបប្រជុំរៀបចំឲ្យដំណើរការឡើងវិញនៅឡើយ។ តែជាគោលការណ៍ ច្រកតំបន់៤០០នេះ និងចាប់ដំណើរការធម្មតាវិញនៅពេលឆាប់ៗដូចស្រុកកំរៀង និងស្រុកភ្នំព្រឹក របស់ខេត្តផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner