កម្ពុជាក្លាយជាប្រទេសដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្តាប្រទេសនៅអាស៊ី

កម្ពុជាមានផ្ទៃដីអភិរក្សទំហំ 7.3លានហិកតា ស្មើនឹង41%នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ដែលទំហំនេះបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្តាប្រទេសនៅអាស៊ី និងទទួល បានការកោតសរសើរពីស្ថាប័ននានាលើពិភពលោក។ ផ្ទៃដីតំបន់ធម្មជាតិ ដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង 2 ដងនៃគោលការណ៍ ជីវៈចម្រុះ អាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗ ត្រូវ​រក្សាដីអភិរក្ស 17% នៃផ្ទៃដីប្រទេស។ នេះបើយោងតាមក្រសួងបរិស្ថានក្នុងឱកាសអបអរសាទរទិវាព្រៃឈើអន្តរជាតិ21 មីនាឆ្នាំ2021។

អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ធនធានព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ ទោះបីជាមានការប្រឈមខ្លះ និងបទល្មើសទ្រង់ទ្រាយតូចៗនៅបន្តកើតមានក្តី។ 

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្ស​​ធនធានធម្មជាតិដោយថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើ ដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែល បាន​មកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើត​សេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍មូលដ្ឋាន។

 កម្ពុជាមានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ខណៈពីឆ្នាំ2016មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលជោគជ័យ ក្នុងការលក់ឥណទានកាបូនក្នុង ទីផ្សារស្ម័គ្រចិត្តដោយទទួលបានថវិកាចំនួន 11,6 លានដុល្លារអាមេរិក។ ថវិកានេះត្រូវបានប្រើប្រាស់ដើម្បី​ការពារ និងអភិរក្សព្រៃឈើ និងការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។ 

រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងប្រទេសអាស៊ាន ដែល បានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អក្នុងចំណោមប្រទេសដទៃទៀត លើសកលលោកមានដូចជា Malaysia, Vietnam, Indonesia, Brazil, Ecuador, Colombia, Chilli, Mexico, Kenya ដែលនឹងមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest References Level) កម្ពុជាអាចផលិតឥណ ទានកាបូនបាន ប្រមាណ10លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខ័ណ្ឌការទូទាត់ផ្អែកតាមលទ្ធផល ពីមូល    និធិអាកាសធាតុបៃតង។ 

សត្វព្រៃក៏ត្រូវបានមើលឃើញថាចាប់ផ្តើមមានវត្តមានកើនឡើង ចំពោះប្រភេទសត្វកម្រខ្លះ និងសត្វ​មួយចំនួនទៀតមានចំនួនថេរ។ ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងកាន់តែខ្លាំង អំពីសារៈប្រយោជន៍ ក្នុងការ ការពារប្រព័ន្ធអេកូឡូស៊ី ព្រៃឈើ សត្វព្រៃ។ ពលរដ្ឋដែលរស់នៅក្នុង តំបន់សហគមន៍ការពារធម្មជាតិ បានទទួលចំណូលបន្ថែមពីការដកហូតអនុផលព្រៃឈើ និងទទួលបានផលប្រយោជន៍ ពីការថែរក្សា ព្រៃឈើ។ 

ព្រៃឈើពិតជាមានសារៈសំខាន់សម្រាប់ជីវិតមនុស្សសត្វ និងជីវៈចម្រុះផ្សេងទៀត ដូច្នេះយើងត្រូវ រួមគ្នា ដោយឈរលើមូលដ្ឋានច្បាប់ ការទទួលខុសត្រូវនិងស្មោះត្រង់ ដើម្បីការពារ និងអភិរក្សធន ធានធម្មជាតិ ដែលកម្ពុជាមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានចលនាការដាំដើមឈើស្តារគម្របព្រៃឈើ នៅតំបន់រិចរិលផងដែរ។ ក្នុងមួយឆ្នាំៗ កូនឈើរាប់សែនដើមត្រូវបានដាំនៅតាមតំបន់នានា។ម្យ៉ាងទៀត រាជរដ្ឋាភិបាល ក៏យកចិត្តទុកដាក់លើការបង្កើតចម្ការឈើដាំ ដើម្បីប្រើប្រាស់ក្នុង     វិស័យ សំណង់ កាត់បន្ថយលើសម្ពាធ មកលើឈើធម្មជាតិ។ ការសន្សំសំចៃការប្រើប្រាស់អុសដុត និង ធ្យូង ក៏ជាផ្នែកមួយ នៃការកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។ ឡដុតធ្យូង ក៏ជាប្រភពមួយដែលនាំឱ្យមានការបំផ្លិចបំផ្លាញព្រៃឈើធម្មជាតិ ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner