ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួល​បាន​​ការឧបត្ថម្ភម៉ាស់ចំនួន៣០ម៉ឺនម៉ាស់ ពីក្រុម​ហ៊ុនចំនួន២ ដើម្បីបំពេញតម្រូវការចាំបាច់​សម្រាប់កម្លាំងនគរបាលប្រើប្រាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩

អត្ថបទដោយ៖
ជា សេឌី

          ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ដែលបានប្រើប្រាស់កម្លាំងជាង១ពាន់នាក់ ក្នុងការងារចូលរួមសហ​ការជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទទួលបានការឧបត្ថម្ភម៉ាស់ចំនួន៣០ម៉ឺនម៉ាស់ ពីក្រុមហ៊ុនលី ហួរ លីស៊ីង និងក្រុមហ៊ុន រូស៊ី ហ្គាមែន ដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់កម្លាំងនគរបាលរាជធានីភ្នំពេញ ពាក់ប្រើប្រាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នៅពេលចុះបំពេញបេសកម្មការងារ ខណៈរាជធានីភ្នំពេញកំពុងជួបបញ្ហាប្រឈមនៃការឆ្លងរាលដាលជំងឺកូវីដ១៩ចូលទៅសហគមន៍ ។

ពិធីទទួល និងប្រគល់ម៉ាស់ បានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងវត្តមានលោក លោកស្រី ដែលជាអ្នកតំណាងក្រុមហ៊ុនទាំង២ខាងលើ។

ឧត្តមសេនីយ៍ឯក ស ថេត ក៏បានថ្លែងអំណរគុណ ដល់ប្រធានក្រុមហ៊ុន ទំាង២លើ ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខសុវត្ថិភាព ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលកំពុងចូលរួមយ៉ាងមមាញឹកលើការងារប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នេះជាកាយវិកាដ៏ប្រពៃក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ជាពិសេសបានលើកទឹកចិត្តដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានបំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានជម្រាប តំណាងក្រុមហ៊ុនឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានរបស់ក្រសួងសុខាភិបាលកម្ពុជា កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  នៅក្នុងអង្គភាពតែងតែបានអនុវត្តតាមវិធានរបស់​ក្រសួងសុខាភិបាលកម្ពុជាយ៉ាងខ្ជាប់ខ្ជួន ជាពិសេសបានប្រើប្រាស់កម្លាំងចូលរួមការពារសន្តិសុខ រក្សាសណ្តាប់​ធ្នាប់នៅគ្រប់គោលដៅធ្វើចត្តាឡីស័ក និងគោលដៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩យ៉ាងម៉ឺងម៉ាត់ ដើម្បីទប់​ស្កាត់អ្នកជំងឺ រឺអ្នកធ្វើចត្តាឡីស័កដែលមានបំណងរត់គេចវេសមិនអនុវត្តតាម​វិធានរបស់ក្រសួងសុខាភិបាល ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner