មនុស្សស្លាប់ និងបាត់ខ្លួនកើនឡើងដល់៤១៥នាក់ ក្រោយគ្រោះអគ្គិភ័យឆេះជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅប្រទេសបង់ក្លាដែស
បង់ក្លាដែស៖ ចំនួនអ្នកស្លាប់កើនឡើងដល់១៥នាក់ និង៤០០នាក់ទៀតបាត់ខ្លួន បន្ទាប់ពីអគ្គិភ័យដ៏ធំមួយបានឆាបឆេះបំផ្លាញទីជម្រករបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅឯទីតាំងជនភៀសខ្លួនដ៏ធំបំផុតក្នុងប្រទេសបង់ក្លាដែស ។
តំណាងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសបង់ក្លាដែស លោក Johannes Van der Klaauw បាននិយាយថា រហូតមកដល់ពេលនេះមានមនុស្សយ៉ាងណាស់១៥នាក់បានស្លាប់ ៥៦០នាក់រងរបួស និង៤០០នាក់ទៀតបាត់ខ្លួន ខណៈទីជម្រកចំនួនជាង១ម៉ឺនត្រូវបានបំផ្លាញទាំងស្រង់ ។ បើតាមក្រុមមន្ត្រីបង់ក្លាដែស អគ្គិភ័យប្រហែលចាប់ផ្ដើមឆាបឆេះចេញពីជំរំមួយក្នុងចំណោមជំរំ៣៤កន្លែង ដែលលាតសន្ធឹងលើផ្ទៃដី៣ពាន់២៣៧ហិកតា មុននឹងវា ឆេះរាលដាលទៅកាន់ជំរំបីផ្សេងទៀត ។ ប៉ុន្តែអាជ្ញាធរមិនទាន់អាចកំណត់ពីមូលហេតុបង្កឱ្យមានអគ្គិភ័យនេះនៅឡើយទេ ។
សូមជម្រាបថា ជនជាតិដើមភាគតិចកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ាជិតមួយលាននាក់ ក្នុងនោះមានភាគច្រើនរត់គេចពីការបង្រ្កាបរបស់យោធានៅមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧ បច្ចុប្បន្នគឺកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួន នៅឯស្រុក Cox’s Bazar ប្រទេសបង់ក្លាដែស ៕ ប្រភព៖ Reuters


