មន្ត្រីជាន់ខ្ពស់ក្រសួងការងារអំពាវនាវឲ្យកម្មករ និងប្រជាពលរដ្ឋរួមគ្នាចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា

អត្ថបទដោយ៖
ធី ដា

យោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ នៅថ្ងៃទី៣៤មីនាឆ្នាំ២០២១ ឲ្យសរសេរចាត់ទុកការ ចាក់វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់កម្មករ និងប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារ!។ លោកបានបន្តថា ការចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឲ្យយើងអាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន។

ជាមួយគ្នានោះនោះ លោកបានចាត់ទុក ជនដែលឃោសនា បំផុសបំផុល អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ និងមហាជន ហើយ អំពើបាបនោះអាចឲ្យពួកគេចុះនរក។ លោកហេង សួរ បានអំពាវនាវឲ្យកម្មករ និងប្រជាពលរដ្ឋ ជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកមក។ លោកហេង សួរ បានបញ្ជាក់ថា រូបលោកផ្ទាល់ និងមិត្តភ័ក្ត្ររបស់លោកបានចាក់វ៉ាក់សាំងទាំងនោះរួចហើយ និងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពពួកគាត់ឡើយ។

ជាមួយគ្នានោះ លោកហេង សួរ បានស្នើឲ្យកម្មករ នៅតាមរោងចក្រ រាយការណ៍ជូនរដ្ឋបាលរោងចក្រជាបន្ទាន់ ប្រសិនជាឃើញ ឬស្តាប់ឮអ្នកណាម្នាក់ឃោសនាបំផុសកុំឲ្យចាក់វ៉ាក់សាំងកូវីដ។ លោកក៏បានស្នើឲ្យថ្នាក់ដឹកនាំសហជីពទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត និងបំផុសឲ្យ កម្មករចូលរួមចាក់វ៉ាក់សាំងការពារកូវីដទាំងអស់គ្នា។

សូមជម្រាបថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានទិញវ៉ាក់សាំងប្រមាណ១លាន៥សែនដូស្ដឈ្មោះSinovac ពីប្រទេសចិន ដែលគ្រោងនឹងមកដល់កម្ពុជានៅថ្ងៃទី២៦មីនាឆ្នាំ២០២១។ ព្រមជាមួយគ្នានោះ វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិនឈ្មោះ Sinopharm ប្រមាណ៤០ម៉ឺនដូស្តទៀត គ្រោងនឹងបញ្ជូនមកដល់នៅដើមខែមេសាខាងមុខ។ រាជរដ្ឋាភិបាលគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋប្រភេទមួយចំនួនដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្លាំង ក្នុងនោះក៏មានកម្មករតាមរោងចក្រមួយចំនួនផងដែរ៕គឹង ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner