ធនាគារកណ្តាលថៃព្យាករណ៍សេដ្ឋកិច្ចសាជាថ្មីធ្លាក់មកត្រឹម 3 ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំ2021នេះ
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ធនាគារនៃប្រទេសថៃបានធ្វើការទម្លាក់ចុះបន្តិចនូវតួលេខព្យាករណ៍របស់ខ្លួនទៅនឹងសេដ្ឋកិច្ចជាតិដែលបានធ្វើឡើងកាលពីខែធ្នូកន្លងទៅ ពោលគឺពី 3.2 ភាគរយមកត្រឹមតែ 3 ភាគរយប៉ុណ្ណោះដោយសារតែបញ្ហានៃការវាយប្រហារដោយរលកទី2 នៃវិរុសកូវីដ។
លោក Titanun Mallikamas លេខាធិការនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ MPC បានបញ្ជាក់ថា ការវាយប្រហារលើកទី 2 ដោយសារកូវីដបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅនឹងអ្វីដែលធ្លាប់បានព្យាករណ៍ ហើយវាបានធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនមកដល់នៃភ្ញៀវបរទេសទាំងអ្នកទេសចរ និងអ្នកវិនិយោគ។ បន្ថែមពីនេះ ធនាគារក៏បានធ្វើការព្យាករណ៍ផងដែរថា ភ្ញៀវដែលនឹងអាចធ្វើដំណើរមកដល់ប្រទេសថៃនៅក្នុងឆ្នាំនេះគឺមានត្រឹមតែ3 លាននាក់ប៉ុណ្ណោះធៀបទៅនឹងតួលេខដែលធ្លាប់បានព្យាករណ៍លើកមុនប្រមាណជា 5.5 លាននាក់។
លោកបន្តថាដោយសារវិស័យទេសចរណ៍គឺជាអ្នកបានរួមចំណែកផលិតផលក្នុងស្រុកសរុប GDP ដល់ទៅ 12 ភាគរយជារៀងរាល់ឆ្នាំដូចនេះការងើបឡើងវិញនៃសេដ្ឋកិច្ចថៃគឺមានភាពយឺតយ៉ាវជាបណ្តាប្រទេសដែលមិនសូវពឹងផ្អែកលើវិស័យមួយនេះ។
សេដ្ឋកិច្ចជាតិថៃត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះរហូតទៅដល់ 6.1 ភាគរយកាលពីឆ្នាំ2020 ធៀបទៅនឹងកំណើនដែលខ្លួនធ្លាប់ធ្វើបាន2.3 ភាគរយកាលពីឆ្នាំ2019។ វិបតិ្តសេដ្ឋកិច្ចកាលពីឆ្នាំ2020 ជាតួលេខដ៏អាក្រក់បំផុតមិនធ្លាប់មានឡើយសម្រាប់ថៃក្នុងរយៈពេល22 ឆ្នាំចុងក្រោយនេះចាប់តាំងតែពីព្រឹត្តិការណ៍វិបត្តិហិរញ្ញវត្ថុនៅអាស៊ីកាលពីឆ្នាំ1998 ដែលគ្រានោះថៃមើលឃើញថាសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះរហូតទៅដល់ 7.6 ភាគរយ។
ធនាគារជាតិថៃក៏បានធ្វើការព្យាករណ៍ដែរថា សេដ្ឋកិច្ចរបស់ខ្លួននឹងអាចងើបឡើងវិញស្មើទៅនឹងកម្រិតកាលពីមុនវិបត្តិកូវីដ ប៉ុន្តែត្រូវការពេលវេលាយ៉ាងហោចណាស់ 2 ឆ្នាំកន្លះទៀត មានន័យថានឹងអាចធ្វើទៅបាននៅពាក់កណ្តាលឆ្នាំ2022៕