ផ្តល់ក្តីស្រឡាញ់ ដល់ធម្មជាតិ»ជាប្រធានបទសម្រាប់ឆ្នាំនេះ នៃទិវា1ម៉ោងសម្រាប់ភពផែនដី

ភ្នំពេញ ៖ ប្រទេសកម្ពុជានឹងចូលរួមជាមួយពិភពលោក ដើម្បីអបអរទិវា1ម៉ោងភពផែនដី ដែលនឹងដំណើរការឌីជីថលនៅឆ្នាំនេះ។ ជាមួយនឹងប្រធានបទខាងលើនេះនឹងផ្តល់ឱកាសសម្រាប់មនុស្សគ្រប់គ្នានិយាយអំពីសារៈសំខាន់នៃធម្មជាតិសម្រាប់សុខភាពមនុស្ស និងសុខភាពបរិស្ថាន ព្រមទាំងភពផែនដី ទន្ទឹមនឹងការលើកទឹកចិត្តមនុស្ស ឱ្យមានកន្លែងសម្រាប់ធម្មជាតិកាន់តែច្រើន។ នេះបើយោងតាមប្រកាសរបស់ក្រសួងបរិស្ថាន។

ទិវាមួយម៉ោងសម្រាប់ភពផែនដី មានន័យថា ពលរដ្ឋនៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផង ចូលរួមបិទភ្លើងមួយម៉ោង ដើម្បីជួយទ្រទ្រង់ធម្មជាតិ ​ទិវាមួយម៉ោងសម្រាប់ភពផែនដី ហើយ​ប្រធានបទឆ្នាំនេះ​​​​គឺ«ផ្តល់ក្តីស្រឡាញ់ ដល់ធម្មជាតិ» ដែលនឹងប្រារព្ឋធ្វើឡើងនៅថ្ងៃទី27 ខែមីនា ឆ្នាំ2021។

នៅវេលាម៉ោង 8:30 យប់ថ្ងៃទី27 ខែមីនា ឆ្នាំនេះ មនុស្សគ្រប់គ្នាអាចចូលរួមបិទភ្លើងមួយម៉ោងដើម្បីភពផែនដី និងសាកល្បងបទធិសោធន៍រៀបចំពិសាអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀនជាមួយក្រុមគ្រួសាររបស់អ្នក។​ រឿង​មួយទៀត ​ដែល​អ្នក​អាច​ធ្វើ​បាន​សម្រាប់​បង្ហាញ​ក្តី​ស្រឡាញ់​​ចំពោះ​ធម្ម​ជាតិ ​គឺកាត់បន្ថយ​​ការប្រើប្រាស់ក្រដាសការិយាល័យ ​ដើម្បីចូលរួមថែរក្សាព្រៃឈើ និងធម្មជាតិ និងក្លាយជា​សម្លេង ដើម្បីធម្មជាតិ និងជួយផ្សព្វផ្សាយពីការកោតសរសើរពីធម្មជាតិក្នុងចំណោមគ្រួសារ និងអ្នកដទៃទៀតនៅលើបណ្តាញសង្គម។

ឯកឧត្តម នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា៖ «ការប្រារព្ធកម្មវិធីនេះ តាមរយៈឌីជីថល ជាការបញ្ជូនសារស្តីពីការស្រឡាញ់ភពផែនដី ព្រៃឈើ និងសត្វព្រៃ និងបញ្ជា្របការកាត់បន្ថយការប្រើប្រាស់ចរន្ដអគ្គិសនី និងរួមគ្នាប្រើប្រាស់នូវថាមពលកកើតឡើងវិញ ដើម្បីជួយកាត់បន្ថយសម្ពោធសម្រាប់ភពផែនដី និងក៏សូមជំរុញនិងលើកទឹកចិត្តឱ្យយុវជនចូលរួមបង្កើតនូវវីដេអូខ្លី ក្នុងន័យស្រឡាញ់បរិស្ថាន ចែករំលែកទៅកាន់សាធារណជនដទៃផងដែរ»។

ទាក់ទិននឹងទិវានេះ សម្រាប់កម្ពុជាដោយសារកត្តាសុខសន្តិភាព និងការការពារ និងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ 7.3 លានហិកតា ឬស្មើប្រមាណ 41% នៃផ្ទៃប្រទេស។

យោងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានលើកទឹកចិត្តដល់ប្រទេសសម្បូណ៌ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជាទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល Result-Based Payment)។ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗ ចាប់ពីឆ្នាំ 2016 មកដល់ឆ្នាំ​2020 បានទឹកប្រាក់ចំនួន 11.6លានដុល្លារអាមេរិក។ ថវិកានេះប្រើប្រាស់ដើម្បីការពារនិងអភិរក្សព្រៃឈើ និងការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។

បន្ថែមលើនេះកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អក្នុងចំណោមប្រទេសដទៃទៀត លើសកលលោកមានដូចជា Malaysia Vietnam Indonesia Brazil Ecu​ador Colombia Chilli Mexico Kenya ដែលនឹងមានសិទ្ធិ ដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest References Level) កម្ពុជាអាចផលិតឥណទានកាបូនបានប្រមាណ10លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកា ក្នុងក្របខ័ណ្ឌ ការទូទាត់ ផ្អែកតាមលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង។

សូមបញ្ជាក់ថាកាលពីឆ្នាំ2007 ប្រទេសអូស្រ្តាលី ជាប្រទេសដំបូងគេបង្អស់ ដែលរៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដី។ បន្ទាប់មកប្រទេសលើពិភពលោក ក៏បានចាប់ផ្តើមធ្វើជាបន្តបន្ទាប់ និងមាន​ការចូលរួមយ៉ាងទូលំទូលាយ មកដល់ពេលនេះ។បើគិតមកដល់ឆ្នាំ2021នេះ មានរយៈពេល 14 ឆ្នាំហើយ ដែលអូស្រ្តាលី និងប្រទេសលើពិភពលោក រួមទាំងកម្ពុជាផង បានរៀបចំ ទិវាមួយម៉ោង សម្រាប់ភពផែនដី។ ពោលគឺចាប់តាំងពីឆ្នាំ 2007 មក  Earth Hour បានជំរុញទឹកចិត្តមនុស្សរាប់លាននាក់ នៅទូទាំង​ពិភពលោកឱ្យធ្វើសកម្មភាពដើម្បីធម្មជាតិ និងភពផែនដីរបស់យើង៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner