ដាក់ឱ្យដំណើរការបង្គោលភ្លើងបំភ្លឺ ព្រែកជាពីរ១០០បង្គោល នៅមហាវិថីថ្មី ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្រ្គេនភ្នំពេញ ក្នុងខណ្ឌឬស្សីកែវ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការបង្គោលភ្លើងបំភ្លឺព្រែកជាពីរ ចំនួន ១០០បង្គោល នៅមហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ ដោយចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្រ្គេនភ្នំពេញ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងក៏ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗនិងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ មហាវិថីថ្មី មួយខ្សែនេះមានបណ្តោយផ្លូវជិត៦គីឡូម៉ែត្រ មានសួនច្បារកណ្តាល ចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអុីអនម៉លសែនសុខ )ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ការដាក់អោយដំណើរការ បំភ្លឺបង្គោលភ្លើងព្រែកជាពីរខាងលើនេះ បានធ្វើឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៤មិនានេះ នៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចំនួន ១០០បង្គោល ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្រ្គេនភ្នំពេញ ក្នុងខណ្ឌឫស្សីកែវ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវខាងលើនេះ កាលពីរសៀលថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២១កន្លងមក ឯឧ
ធ្លាប់បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងហើយថាមហាវិថីថ្មី១ខ្សែខាងលើនេះ បានមកពីការចូលរួមពីសប្បុរជន ដែលបាននិងកំពុងអភិវឌ្ឍលំនៅដ្ឋាននៅតាមបណ្ដោយផ្លូវនេះ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ។ មហាវិថីនេះ ត្រូវស្ថាបនាឡើងជា២ជំហាន ដោយជំហានទី១ ចាប់ពីផ្លូវលេខ១០០៣ រហូតដល់មុខក្រេនភ្នំពេញ និងបន្តពីក្រេនភ្នំពេញរហូតទៅដល់ផ្លូវមហាវិថីឈ្នះឈ្នះដែលមានទទឹង៣០ម៉ែត្រមានសួនច្បារនៅកណ្ដាលជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ ។

គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាមហាវិថីខាងលើនេះបានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មហាវិថីថ្មីនេះ រត់ត្រង់ជួរ ភ្ជាប់មកមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។ ជាប្រភេទ ផ្លូវភ្លោះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សង់ទីម៉ែត្រ ។ ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រសួនកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេរទិស មាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន៨កន្លែង៕ សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner