គោលការណ៍ដឹកនាំ ៨ ចំណុចរបស់ព្រះបាទជ័យវរ័្មនទី៧
ព្រះបាទជ័យវរ័្មទី៧ ជាអ្នកដឹកនាំដែលមានកិត្តិនាមល្បាញល្បីខ្ទរខ្ទារមួយរូបក្នុងទំព័រប្រវត្តិសាស្រ្ដខ្មែរលើការកសាងប្រទេសជាតិ ធ្វើសឹកសង្គ្រាមបង្រួបបង្រួមទឹកដីបង្ហាញកិត្យានុភាព និងលើកកម្ពស់វប្បធម៌ខ្មែរក្នុងសម័យអង្គរ។ ព្រះអង្គជាបុត្រារបស់ព្រះបាទធរណិន្រ្ទវរ័្មនទី២ និងព្រះនាង ចូឌាមណី។ គេដឹងថា ព្រះបាទជ័យវរ័្មនទី៧ មានស្នាមព្រះហស្ថជាច្រើននៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះមានគោលការណ៍ប្រាំបីចំណុចដែលព្រះអង្គបានអនុវត្តន៍ក្នុងភាពជាអ្នកដឹកនាំ។ នេះបើតាមសៀវភៅ ព្រះបាទជ័យវរ័្មនទី៧ បានចងក្រងដោយបណ្ឌិត ម. ត្រាណេ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ដខ្មែរ។
គោលការណ៍ដឹកនាំទាំងប្រាំបីចំណុចរបស់ព្រះបាទជ័យវរ័្មនទី៧ អនុវត្តសម័យអង្គរ រួមមាន ១. អម្រែកទឹក មានសេចក្ដីថាមិនលំអៀង, ២. ភ្នែកខ្លែង មានន័យថាត្រូវសម្លឹងឱ្យឆ្ងាយមើលគ្រប់ទិសទី, ៣. ស្ញែងរាជសី មានន័យថា ធ្វើជាអ្នកដឹកនាំត្រូវឱ្យគេគោរពស្ញប់ស្ញែង, ៤. សម្ដីឥសូរ (សម្ដីទិព្វ គេគោរព ស្ដាប់បង្គាប់ និងអនុវត្តតាម) ៥. ថ្ងូរព្រះឥន្រ្ទ (ថ្នាក់ដឹកនាំតែងខ្វល់ខ្វាយជានិច្ចពីសុខទុក្ខរបស់ប្រជារាស្រ្ដ) ៦. សុបិន្តសួគ៌ (អ្នកដឹកនាំត្រូវសម្រេចកិច្ចការស្របតាមបំណងប្រាថ្នារបស់រាស្រ្ដ) ៧. ខួរទន្សាយ (ជាបុគ្គលឈ្លាសវៃដោះស្រាយវិបត្តិរបស់ប្រជាពលរដ្ឋដោយសន្តិវិធី) និង៨. សប្បាយស្រមោច (ជួយឱ្យប្រជារាស្រ្ដសម្បូរសប្បាយ នគររុងរឿង)។
តាមរយៈគោលការណ៍ដឹកនាំទាំងប្រាំបីចំណុចខាងលើនេះ អ្នកសិក្សា អ្នកប្រវត្តិសាស្ត្រ និងអ្នកដឹកនាំមួយចំនួនតែងលើកជាឃ្លាជាប់គ្នាថា “គោលការណ៍ដឹកនាំរបស់ព្រះបាទជ័យវរ័្មនទី៧ មានអម្រែកទឹក ភ្នែកខ្លែង ស្ញែងរាជសី សម្ដីឥសូ ថ្ងូរព្រះឥន្រ្ទ សុបិន្តសួគ៌ ខួរទន្សាយ សប្បាយស្រមោច”។
ស្របគ្នានេះ ភស្តុតាងសិលាចារឹកនៃប្រាសាទព្រះខ័ន (K.៩០៨) ស្ថិតនៅក្នុងខេត្តសៀមរាបបានបង្ហាញឱ្យដឹងថា ព្រះបាទជ័យវរ័្មនទី៧ ជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្រ្ដខ្លាំងក្លា ហើយដោយសារតែការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ព្រះអង្គចំពោះសេចក្ដីសុខរបស់ប្រជារាស្រ្ត ព្រះអង្គយល់ឃើញថា “ទុកសោករបស់រាស្ត្រជាការឈឺចាប់វេទនារបស់ព្រះអង្គ ហើយខ្លាំងជាងការឈឺចាប់របស់ព្រះអង្គទៅទៀត” ។
គួររំលឹកដែរថា នៅដើមសតវត្សទី១៣ ព្រះបាទជ័យវរ័្មនទី៧ ជាស្ដេចសឹកមួយអង្គដ៏ខ្លាំងពូកែ និងមានព្រហ្មវិហារធម៌ដល់ប្រជានុរាស្រ្ដ។ ព្រះអង្គបានបង្រ្កាបពួកបះបោរនៅក្នុងប្រទេស ដោយបង្រួបបង្រួមខេមរជនទាំងអស់ដែលនៅក្រោមការត្រួតត្រារបស់ព្រះអង្គឱ្យដើរផ្លូវតែមួយ ព្រមទាំងរំដោះទឹកដីឱ្យផុតពីការត្រួតត្រារបស់ប្រទេសបច្ចាមិត្ត។ ព្រះបាទជ័យវរ័្មនទី៧ មានមហេសីព្រះនាម ជ័យរាជទេវី ។ ក្រោយពីព្រះនាង ជ័យរាជទេវី សោយទិវង្គត់ ព្រះបាទជ័យវរ័្មនទី៧ បានរៀបអភិសេកជាមួយព្រះនាងឥន្រ្ទទេវី ដែលជាបងថ្លៃ។ ព្រះនាងឥន្រ្ទទេវីជាស្ត្រីដឹកនាំគំរូមួយរូបដែលមានចរិយាសម្បត្តិល្អឥតខ្ចោះ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា៕