អឺរ៉ុបត្រូវការទុនយ៉ាងហោចណាស់ 355 ពាន់លានដុល្លាររៀបចំខ្លួនទទួលយកបច្ចេកវិទ្យា5G

បរទេស៖យោងតាមការរបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយ CNA នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាអឺរ៉ុបនឹងត្រូវការវិនិយោគទុនយ៉ាងហោចណាស់ប្រមាណជា 355 ពាន់លានដុល្លារនៅក្នុងកិច្ចការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធវិស័យទូរគមនាគមន៍ឲ្យបានត្រឹមឆ្នាំ2025 ខាងមុខនេះ ប្រសិនបើប្លុកនេះចង់ចាប់យកបច្ចេកវិទ្យា5G ឲ្យបាននៅទូទាំងប្រទេសជាសមាជិកទាំង27 ដើម្បីអាចទាញយកប្រយោជន៍សេដ្ឋកិច្ច និងសក្តានុពលដ៏អស្ចារ្យពីបច្ចេកវិទ្យាថ្មីមួយនេះ។

តួលេខដែលត្រូវបានផ្តល់ដោយក្រុមហ៊ុនប្រឹក្សា BCG ក្រោយការសិក្សាស្រាវជ្រាវយ៉ាងលម្អិតមួយក្រោមបន្ទុកការងារគម្រោងក្រុមហ៊ុន ETNOបានមើលឃើញថា នៅក្នុងពេលសហភាពអឺរ៉ុបបានដាក់ផែនការដ៏ធំមួយនេះ ខ្លួនរំពឹងទុកថាបច្ចេកវិទ្យា5Gនឹងអាចជួយធ្វើឲ្យប្រសើរឡើង និងការងើបឡើងវិញនៃសេដ្ឋកិច្ចបណ្តាប្រទេសជាសមាជិករបស់ខ្លួនក្រោយចប់វិបត្តិកូវីដ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះក្រុមប្រតិបត្តិកររបស់អឺរ៉ុបមួយចំនួននៅតែមានភាពស្ទាក់ស្ទើរនៅឡើយក្នុងការវិនិយោគទៅលើបច្ចេកវិទ្យា5G ខណៈដែលគេបានដឹងដែរថា វានឹងក្លាយទៅជាឧបករណ៍ប្រើប្រាស់ដ៏សំខាន់បំផុតនៅក្នុងបរិបថថ្មីនៃរោងចក្របែបវ៉ៃឆ្លាតព្រមទាំងវិស័យផលិតរថយន្តស្វ័យប្រវត្តិថែមទៀតផង។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា នៅក្នុងកញ្ចប់ថវិកាប្រមាណជាពាក់កណ្តាលនឹងត្រូវប្រើប្រាស់ដើម្បីតម្លើង និងការរៀបចំការងារផ្លូវច្បាប់នៅទូទាំងតំបន់ទាំងអស់ក្នុងទ្វីបអឺរ៉ុបខណៈដែលលុយពាក់កណ្តាលទៀតនឹងត្រូវប្រើប្រាស់សម្រាប់កិច្ចការងារជួសជុល និងធ្វើបច្ចុប្បន្នភាពទៅលើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូរគមនាគមន៍ និងការបង្កើនល្បឿននៃសេវាកម្មនេះនាពេលខាងមុខ។

ក្រៅតែពីបានផ្តល់ជាវិធីសាស្ត្រវាស់វែង និងត្រួតពិនិត្យជាមុនសម្រាប់រដ្ឋាភិបាល និងក្រុមអ្នកតាក់តែងច្បាប់ផងនោះ របាយការណ៍ដដែលនេះក៏បានធ្វើការណែនាំដល់អឺរ៉ុបក្នុងការទាញយកប្រាក់ចំណេញតាមរយៈចរាចរណ៍ទិន្នន័យដែលមាននៅក្នុងដៃស្រាប់ក្នុងការប្រកួតប្រជែងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗដូចជា Google, Facebookនិង Microsoft ជាដើម៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner