បុរសម្នាក់បានស្លាប់ក្នុងអណ្តូងទឹក និងម្នាក់ទៀតត្រូវបានអ្នកភូមិសង្គ្រោះទាន់ពេល ខណៈចុះតទុយោម៉ូទ័របូបទឹកក្នុងអណ្ដូង
បុរសម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត នៅក្នុងអណ្ដូងទឹកមួយកន្លែង និងម្នាក់ទៀតត្រូវបានអ្នកភូមិជួយទាន់ពេលវេលា បន្ទាប់ពីពួកគាត់ចុះទៅតទុយោម៉ូទ័របូបទឹក ហើយត្រូវជាប់គាំងសន្លាប់ក្នុងអណ្តូងទឹក ដោយសារគ្មានខ្យល់ឧស្ម័នអ៊ុកស៊ីនសែន ។ ហេតុការនេះបានកើតឡើង នៅព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ នៅចំនុចភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
ប្រភពពីប្រជាពលរដ្ឋក្នុងហេតុការណ៍នោះបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឃីន ជឿន បានចុះក្នុងអណ្ដូងទឹក ដើម្បីតទុយយោម៉ូទ័របូមទឹក ស្រាប់តែពេលចុះទៅក្នុងអណ្តូងក៏សន្លប់បាត់ស្មារតី ។ ពេលឃើញហេតុការណ៍បែបនោះ កូនស្រីរបស់ជនរងគ្រោះក៏បានស្រែកហៅអ្នកភូមិ អោយជួយជនរងគ្រោះ ខណៈនោះបុរសម្នាក់ ទៀតឈ្មោះ ប្រុញ ឡុច ក៏បានទៅចុះជួយស្រាប់តែបានជាប់គាំង សន្លប់ដូចគ្នានៅក្នុងអណ្តូងទឹកនោះតែម្តង ដែលធ្វើឲ្យរឹតតែមានការផ្អើលឆោឡោដល់អ្នកភូមិនៅតំបន់នោះ នាំគ្នាទៅជួយសង្គ្រោះអ្នកទាំងពីរ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។
ជនរងគ្រោះឈ្មោះ ឃីន ជឿន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់) និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ប្រុញ ឡុច ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា (សន្លប់បាង់បង់ស្មារតី) ត្រូវបានអ្នកភូមិជួយសង្គ្រោះទាន់ពេលវេលា ។
បច្ចុប្បន្នសពជនរង គ្រោះត្រូវបានក្រុមគ្រួសារ ប្រារព្ធធ្វើពិធីបុណ្យសពតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ៕ ដោយ ម៉េង គាង



