ប្រទេសអាស៊ានទាំង១០ មានករណីឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៥ពាន់ ១២១ ករណី និងការស្លាប់ថ្មីមានចំនួន១៨៣នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីចំនួន ១០៥ករណី ដែលក្នុង នោះការឆ្លងចូលក្នុងសហគមន៍មានចំនួន១០៤ករណី, និង១ករណីទៀតជាការឆ្លង លើអ្នក ដំណើរមកពីក្រៅប្រទេស។
កម្ពុជាគិតត្រឹមថ្ងៃទី៣០មីនាឆ្នាំ២០២១ ការឆ្លងកូវីដ១៩សារុបមានចំនួន២ពាន់ ៣៧៧ករណី ដោយសារតែការកើនឡើងលឿននៃការផ្ទុះឆ្លងក្នុងសហគមន៍ និងការស្លាប់មានចំនួន១១នាក់។ ចំណែកការព្យាបាលជា សះស្បើយមានចំនួនសារុប១ពាន់១៧៦នាក់ រួមទាំងការព្យាបាលជាសះស្បើយ៤នាក់ ក្នុង រយៈពេល២៤ម៉ោង ចុងក្រោយនេះ។
ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមានប្រទេសចំនួន៧ទៀត ក្នុងនោះគឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និង វៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។