ក្រុមបច្ចេកទេសជួបគ្នាលើកដំបូង ដើម្បីអភិវឌ្ឍន៍បច្ចេកទេស សុនខ ហិតក្លិនអ្នកឆ្លងកូវីដ១៩ (Video Inside)
ក្រុមការងារបច្ចេកទេសស៊ីម៉ាក់ និងក្រុមការងារក្រសួងសុខាភិបាល ទើបបានជួបពិភាក្សាគ្នាជាលើកដំបូងលើ កម្មវិធីស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខ ដើម្បីបង្វឹកការហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។ ជំនួបលើកដំបូងកាលពីថ្ងៃទី២៩មីនា បានធ្វើឡើងរវាងក្រុមការងារសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងអង្គភាពស៊ីម៉ាក់ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានថ្លែងថា ការអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ កំពុងដំណើរការជាមួយក្តីសង្ឃឹមនិងភាពជឿជាក់។
គំនិតផ្តួចផ្តើមបង្ហាត់បង្រៀនសុនខ ដើម្បីហិតក្លិនរកអ្នកឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជានេះ គឺជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោហ៊ុនសែនក្នុងការស្វែងរកគ្រប់វិធីសាស្ត្រដែលអាចធ្វើទៅបាន ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ លោក ហេង រតនា បានបញ្ជាក់ថាផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ ក្រុមអ្នកបច្ចេកទេសសុនខនៃអង្គ ភាពស៊ីម៉ាក់ មានទំនុកចិត្តថានឹងអាចហ្វឹកហ្វឺនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន។ លោកបន្តថា អង្គភាពស៊ីម៉ាក់ ត្រៀមសុនខ, ត្រៀមឯកសារហ្វឹកហ្វឺន, ត្រៀមរៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯក ទេសសំរាប់បម្រើការងារសិក្សាស្រាវជ្រាវនោះ ដោយត្រៀមធ្វើការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៃក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហ្វាំងឡង់, អូស្ត្រាលី និងរុស្សី ជាដើម ដែលបាននិងកំពុងប្រើប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នាបច្ចុប្បន្ននេះ។