ខេត្តព្រះសីហនុ បានប្រកាសបិទទីតាំង៥កន្លែងថ្ងៃនេះ (Video Inside)
ខេត្តព្រះសីហនុដែលមានការឆ្លង៣៤ករណីនៅថ្ងៃនេះ បានប្រកាសផ្អាកជាបណ្តោះអាសន្ន ការចេញចូលក្នុង ទីតាំងចំនួន៥កន្លែង ក្នុងសង្កាត់លេខ១ ខេត្តព្រះសីហនុ បន្ទាប់ពីមានករណីពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ១៩។ លិខិតថ្ងៃនេះរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយយោងតាមលទ្ធផលតេស្ដវត្ថុសំណាកពីតំបន់ទំនប់រលក ក្នុងចំណោមមនុស្ស១៣គ្រួសារ ការឆ្លងកូវីដ មានចំនួន២៥នាក់បន្ថែមទៀត។
រដ្ឋបាលខេត្តបានបញ្ជាក់ថាគេសម្រេចផ្អាកជាបណ្តោះអាសន្នសិននូវការចេញចូលទីតាំងចំនួន៥កន្លែង គឺរួមមានក្រុម៩, ក្រុម១២, ក្រុម១៣, ក្រុម១៤ និងក្រុម១៥ នៃភូមិ៣ តំបន់ទំនប់រលក ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដាក់តំបន់នោះជា មណ្ឌលចត្តាឡីស័ក។
រដ្ឋបាលខេត្តបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវ នឹងតាមដានរកបុគ្គលសង្ស័យមានផ្ទុក ជំងឺ កូវីដ-១៩ និងចុះស្រាវជ្រាវរកអ្នកពាក់ពន្ធ័ក្នុងទីតាំងនោះដើម្បីយកសំណាកបន្ថែមទៀត។ យោងតាមក្រសួង សុខាភិបាល ចំនួនមនុស្សឆ្លងកូវីដដែលកំពុងសម្រាកព្យាបាលក្នុងក្រុងព្រះសីហនុបច្ចុប្បន្ន មានចំនួន២៨៣ នាក់។